ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោះលែងមនុស្ស៨០នាក់ ក្នុងចំណោមអ្នកទោសតាលីបង់ចុងក្រោយ

បរទេស៖ មន្ត្រីនាំពាក្យ ទីភ្នាក់ងារសន្តិសុខមួយរូប បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល របស់ប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមដោះលែង អ្នកទោសតាលីបង់ចុងក្រោយ ពីចំណោមអ្នកទោស៤០០នាក់ ដែលពួកសកម្មប្រយុទ្ធចង់ឲ្យដោះលែង នៅមុនពេលពួកគេ បានព្រមព្រៀងគ្នា ចាប់ផ្តើមកិច្ចចរចាសន្តិភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានយល់ព្រម ដោះលែងអ្នកទោសតាលីបង់ចុងក្រោយ ចំនួន៤០០នាក់ ក្រោយធ្វើកិច្ចពិភាក្សា ជាមួយក្រុមព្រឹទ្ធាចារ្យ និងមេដឹកនំាសហគមន៍ផ្សេងៗទៀត ដែលមានឈ្មោះថា Loya Jirga។

លោក Javid Faisal ជាមន្ត្រីនាំពាក្យ ឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលនៅថ្ងៃម្សិលមិញនេះ បានដោះលែងអ្នកទោស៨០នាក់ ក្នុងចំណោមអ្នកទោសតាលីបង់ ៤០០នាក់ ដែលក្រុមប្រឹក្សាព្រឹទ្ធាចារ្យ Loya Jirga បានដាក់ទណ្ឌកម្មឲ្យដោះលែង ដើម្បីពន្លឿនកិច្ចប្រឹងប្រែង សម្រាប់ការពិភាក្សាដោយផ្ទាល់ និងបទឈប់បាញ់យូរអង្វែង នៅទូទាំងប្រទេស”៕ ប្រែសម្រួល៖ប៉ាង កុង

To Top