កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២០ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលលទ្ធផល នៃការសាងសង់ស្ថាបនា ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម ឲ្យដឹងថា នៅតំបន់ដងទន្លេ ស្ថិតក្នុងភូមិឃុំខាងលើនេះ តែងតែទទួលរង នូវការបាក់ស្រុតរៀងរាល់ឆ្នាំ ដែលមានទឹកជំនន់ ។ ប៉ុន្តែប្រការនេះ ក្រោយពីការចុះពិនិត្យ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដួចផ្ដើមគំនិតសាងសង់ស្ថាបនា ជាខឿនបេតុង ដើម្បីទប់ស្កាត់ការបាក់ច្រាំងនេះបន្តទៀត ។
ប្រភពដដែលបានបន្តថា ជាលទ្ធផលក្រោយពេល លោកអភិបាលខេត្ត បាន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ មើលការកសាងស្ថាបនាច្រាំងទន្លេនេះ មកដល់ពេល នេះត្រូវបានស្ថាបនា សម្រេច៨០%ហើយ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានណែនាំ ឱ្យបន្តដាំផ្កា ធ្វើជាសួនច្បារលម្អ តាមមាត់ច្រាំងទន្លេនេះថែមទៀត ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ យកតំបន់នេះ ជាទីកម្សាន្តលំហែកាយ នឹងអាចមកហាត់ប្រាណ នៅទីនេះផងដែរ៕