ព័ត៌មានជាតិ

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ទទួលមរណភាព កាលពីយប់មិញ

ភ្នំពេញ ៖ លោក នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា នៅវេលាម៉ោង០០:៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត ភាក្ត្រា នៅព្រឹកថ្ងៃទី២ កញ្ញា ថា ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះ សាលាដំបូងនៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្ត នៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការ សហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។

លោកបន្ដថា ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេច សេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត។

លោកបន្ថែថា នៅថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ខេត្តកណ្តាល ដើម្បីអនុវត្តទោស ជាប់ពន្ធនាគារ ដែលនៅសល់របស់គាត់៕

ដោយ ៖ អេង ប៊ូឆេង

To Top