Shenzhen៖ ក្នុងដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នា តបតាមការអញ្ជើញ របស់ស្ថានទូតចិនប្រចាំកម្ពុជា បានមកកាន់ក្រុងសិនជិន (Shenzhen) ទទួលជួបនិងទស្សនាវិទ្យាស្ថានរៀបចំ គម្រោងផែនកាមេទីក្រុងមួយ នៃក្រុងសិនជិន (Urban Planning & Design Institute of Shenzhen) ដែលត្រូវបានប្រធានវិទ្យាស្ថាននេះ លើកឡើងថា ក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុង មានការអភិវឌ្ឍដូចគ្នា នឹងក្រុងសិនជិនដែរ តាមរយៈការសិក្សាគម្រោង តំបន់ពិសេសពហុបំណង របស់រដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសទស្សនកិច្ច នៅវិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុង នៃក្រុងShenzhen ប្រទេសចិនកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ (ថ្ងៃទី៣) គណៈប្រត្តិភូដឹកនាំអ្នកសារព័ត៌មានកម្ពុជា ទទួលកិច្ចស្វាគមន៍ យ៉ាងល្អប្រសើរ ប្រកបដោយភាពស្និតស្នាលជាទីបំផុត នៅក្នុងនោះ លោក Sima Xiao ប្រធានវិទ្យាស្ថាន រៀបចំផែនការ និងរចនាទីក្រុង នៃក្រុងសិនជិន បានឲ្យដឹងនូវប្រវត្តខ្លះៗ ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក ដែលបានកកើតក្រោយ ការបង្កើតទីក្រុង សិនជិន ១០ឆ្នាំតែប៉ុណ្ណោះ ។
ក្នុងរយៈពេល៣០ឆ្នាំ ក្រុមហ៊ុនរបស់លោក បានដើរតាមការអភិវឌ្ឍន៍របស់ទីក្រុងមួយនេះ ធ្វើអោយមានអាគារខ្ពស់ៗជាច្រើន រីកលូតលាស់ឥតឈប់ឈរ ។ អ្វីដែលជាសមទ្ធផលកន្លងមក ក្រុមហ៊ុនរបស់លោក សម្រេចលើគម្រោងប្រមាណ ជា៦ពាន់គម្រោង ទទួលពានរង្វាន់ ៤ពាន់គម្រោងផងដែរ បើធៀបទៅនឹងក្រុមហ៊ុនដទៃ ចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេ និងផ្តល់សេវាគ្រប់ដណ្តប់ទូទាំងប្រទេសចិន តាមរយៈគោលការណ៍ច្បាស់លាស់ និងសិក្សាស្វែងយល់ ពីតំបន់នីមួយៗយ៉ាងល្អិតល្អន់ ទើបធ្វើការដាក់គម្រោង ។
តាមការបញ្ជាក់របស់លោក Sima Xiao នៅក្នុងឆ្នាំ២០១៩នេះ តាមរយៈអង្គការយូនីដូ (Unido) ជាអ្នកសម្របសម្រួល បានណែនាំក្រុមហ៊ុនរបស់លោក ទៅកាន់រដ្ឋាភិបាលកម្ពុជា ព្រមទាំងមានឱកាសសិក្សាស្វែងយល់ និងទទួលគម្រងពិសេសមួយ ដែលជាគម្រោងតំបន់ពិសេស ពហុបំណង នៅខេត្តព្រះសិហនុ ដែលជាការចង់បានពីកម្ពុជា គម្រោងតំបន់ពិសេសពហុបំណង ស្របតាមផែនការ ២០១៥-២០២៥ ។
ប្រធានក្រុមហ៊ុនខាងលើនេះ បានយល់ឃើញថា គម្រោងមួយនេះពិតជាសំខាន់ណាស់ ដើម្បីជំរុញដល់កម្ពុជា ជាពិសេសក្រុងព្រះសីហនុ ក្លាយជាទីក្រុង ដែលមានសេដ្ឋកិច្ចខ្លាំងក្លាមួយ ។ លោកបានចាប់អារម្មណ៍ជាខ្លាំង ចំពោះកម្ពុជា ហើយជារឿងដ៏ល្អធំមួយ បើគម្រោងតំបន់ពិសេសពហុបំណង អាចដើរទៅមុខ ដោយជោគជ័យ ក្រុងព្រះសីហនុ និងក្រុងសិនជិន (Shenzhen) នឹងក្លាយជាទីក្រុង មានការអភិវឌ្ឍន៍ដូចគ្នា ដោយសារលោកមើលឃើញថា ខេត្តព្រះសីហនុ ជាខេត្តមានអំណោយផលជាទីបំផុត ផ្នែកលើការអភិវឌ្ឍ ដែលមានស្រាប់ ដូចជាព្រលានយន្តហោះ កំពង់ផែរ និងតំបន់ពិសេស ដែលមានអគារខ្ពស់ៗជាច្រើន បាននឹងកំពុងសាងសង់ និងសាងសង់រួចរាល់ ។
ក្នុងឱកាសនោះដែរ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះ ភាគីខាងវិទ្យាស្ថានរៀបចំ គម្រោងផែនកាមេទីក្រុង នៃក្រុងសិនជិន ដែលបានផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ តំបន់ពិសេស នៅខេត្តព្រះសីហនុ មកកាន់ក្រុមអ្នកសារព័ត៌មានកម្ពុជា ជាពិសេសការបើកឱកាស ឲ្យគណៈប្រត្តិភូ បានមកទស្សនកិច្ចវិទ្យាស្ថានមួយនេះ នឹងបានសិក្សាស្វែងយល់ នូវគោលបំណងរបស់វិទ្យាស្ថាន លើកិច្ចខិតខំប្រឹងប្រែង និងជូនពរឲ្យគម្រោងមួយនេះ អាចសម្រេចទៅបាន និងទទួលបានការនុម័តឆាប់រហ័ស ពីរាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ផងដែរ នាព្រឹកថ្ងៃទី៣ នៃដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា ក៏បានទៅទស្សនា ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំ របស់ប្រទេសចិន ដែលមានទីតាំង នៅក្នុងក្រុងសិនជិន ដោយបានមើលឃើញ នូវការរីកចម្រើនយ៉ាងខ្លាំងក្លា និងអភិវឌ្ឍកាន់តែជឿនលឿន លើផ្នែកបច្ចេកវិទ្យា នៃប្រទេសចិន ។ ក្រុមហ៊ុន Tencent នេះ គឺជាក្រុមហ៊ុនគ្រប់គ្រង លើប្រព័ន្ធ វីឆាត (WeChat) និងកម្មវិធីសំខាន់ៗ សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេសចិន ដែលមានចំនួន អ្នកប្រើប្រាស់ ប្រមាណជា ១៣ពាន់លាន់នាក់ នាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍលើបច្ចេកវិទ្យាផ្សេងៗស្ទើគ្រប់វិស័យ ពាក់ព័ន្ធនឹងអ៊ីនធើណេត ក៏ដូចជាគ្រឿងអេឡិចត្រូនិកផងដែរ៕ ដោយ៖ ដារាត់