បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញការកើនឡើង កម្តៅខ្លាំងឡើង នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងទីក្រុងហុងកុង អំពាវនាវឲ្យមានដំណោះស្រាយ សន្តិភាព សម្រាប់ស្ថានការបច្ចុប្បន្ន។
មន្ត្រីនាំពាក្យ ក្រសួងការបរទេស កូរ៉េខាងត្បូង លោក Kim In-chul បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “ប្រទេសកូរ៉េខាងត្បូង និងទីក្រុងហុងកុង មានចំណងមិត្តភាព ដ៏ជិតស្និទ្ធ ក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងការដោះដូររវាង ប្រជាជននិងប្រជាជន ហើយយើងកំពុងតែផ្តោត ការយកចិត្តទុកដាក់ ចំពោះស្ថានភាពនាពេលថ្មីៗនេះ នៅក្នុងទីក្រុងហុងកុង ប្រកបដោយក្តីព្រួយបារម្ភ”។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាថ្មីៗនេះ រវាងប៉ូលីសនិងប្រជាពលរដ្ឋ នៅទីក្រុងហុងកុង តាមសេចក្តីរាយការណ៍ ពីកាសែត UPI បានឲ្យគាំងផ្នែកខ្លះនៃមជ្ឈមណ្ឌល ហិរញ្ញវត្ថុ នៅក្នុងដំណើរការ តវ៉ាកើនកម្តៅខ្លាំងឡើង ដែលបានបន្តកើត មានអស់រយ់ពេលចំនួន៥ខែ៕
ប្រែសម្រួល៖ប៉ាង កុង