បរទេស ៖ ប្រធានាធិបតីចិន លោក សី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានបង្ហាញភាពសាមគ្គីគ្នា នៅក្នុងអំឡុងជំនួបកំពូល BRICS ក្នុងប្រទេសប្រេស៊ីល នាសប្ដាហ៍នេះ បន្តគោលនយោបាយ នៃកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ អបអរគម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាពការទូត។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយកាសែត UPI នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោក ស៊ី ជីនពីង បាននិយាយប្រាប់លោក ពូទីនថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏មានសារៈសំខាន់មួយ ដើម្បីបើកអនាគតនៃចំណងមិត្តភាពរវាងចិននិងរុស្ស៊ី។
មេដឹកនាំចិនរូបនេះ ក៏បាននិយាយផងដែរថា លោកនិងលោក ពូទីន ទើបបានធ្វើការប្រកាសនូវសម្ពន្ធភាពយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី និងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពឲ្យឡើងដល់កម្រិតកាន់តែល្អឡើងថ្មី៕
ប្រែសម្រួល៖ប៉ាង កុង