នយោបាយ

សម្ដេច ស ខេង អះអាងថា លិខិតចំហរអំពាវនាវ ឲ្យឈប់គាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ជាលិខិតក្លែងក្លាយ ប្រឌិតឡើង ដោយក្រុមប្រឆាំង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ នៅថ្ងៃទី១៥ ខែ វិច្ឆិកានេះបានអះអាងថា លិខិតចំហរ ដែលអំពាវនាវឲ្យឈប់គាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សនោះ ជាលិខិតក្លែងក្លាយ ដែលក្រុមប្រឆាំងប្រឌិតឡើង ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ «កិច្ចជំរុញការ អនុវត្ត សេចក្ដីប្រកាស រួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក» នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា “ព័ត៌មាននេះជាលិខិតចំហរក្លែងក្លាយ លិខិតនេះចេញមកពី ខេត្តបាត់ដំបង អំពាវនាវឲ្យឈប់គាំទ្រ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ។ នេះជាលិខិតក្លែងក្លាយមកពីមជ្ឈដ្ឋានជំទាស់ ។ នេះជាបំណងមិនល្អរបស់អ្នកប្រឆាំង ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជន” ។

នៅថ្ងៃជាមួយគ្នានេះផងដែរ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាស បដិសេធ ចំពោះលិខិតចំហរនេះហើយអះអាងថា ជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើង ដោយពួកអគតិ ក្នុងគោលបំណង បំភាន់មតិជាតិ-អន្តរជាតិ និងសាធារណជន ឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ។

ទន្ទឹមគ្នានេះ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ជនប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ចំពោះសកម្មភាពខ្មៅកខ្វក់ ប្រកបដោយឧបាយកល ញុះញង់បែបថ្មី ដ៏ពិសពុល ដែលមិនអាចទទួលយកបានជាដាច់ខាត។

សេចក្តីប្រកាសបដិសេធ របស់គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង គ្រប់ជាន់ថ្នាក់ ប្រកាន់ខ្ជាប់លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងខ្ជាប់ខ្ជួន និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងជួរសមាជិក សមាជិកាគណបក្ស ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕

To Top