ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ចាត់ទុកការពង្រឹងប្រតិបត្តិការ វិស័យព័ត៌មានរវាងកម្ពុជា-រុស្ស៊ី ពិតជាមាន សារៈសំខាន់បំផុត

ភ្នំពេញ ៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួង ព័ត៌មាន បានចាត់ទុកការរៀបចំសិក្ខាសាលាលើកវិស័យព័ត៌មានរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានសារៈសំខាន់បំផុតសម្រាប់អ្នកពាក់ព័ន្ធ ក្នុងវិស័យសារព័ត៌មាន និងរាជរដ្ឋា ភិបាលព្រោះកម្ពុជាកំពុងប្រឆាំងព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន។នេះបើយោងតាមការចេញ ផ្សាយក្រសួងព័ត៌មាន។

ក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការ សរសេរព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌ មាន តាមរយៈវីដេអូ រវាងក្រុមការងារព័ត៌មានកម្ពុជា-រុស្ស៊ី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ ប្រសិទ្ធិ បានសម្តែងការពេញចិត្ត ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង កម្ពុជា និងរុស្ស៊ី លើកិច្ចសហប្រតិបត្តិការផ្នែកវិស័យសារព័ត៌មាន កាលពីឆ្នាំ២០១៥ ហើយដែលត្រូវបានអនុវត្តមកទល់បច្ចុប្បន្ន។

លោកក៏បានថ្លែងអំណរគុណក្រុមការងាររុស្ស៊ី ដែលបានធ្វើបទបង្ហាញដើម្បីផ្តល់ចំណេះដឹងយ៉ាងច្រើនដល់អ្នក ពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានរបស់កម្ពុជា ។ លោក សង្ឃឹមថា នឹងមានសិក្ខាសាលាបែប នេះជាថ្មីម្តងទៀត ក្នុងពេលខាងមុខ ដោយមានការជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងតាមប្រព័ន្ធអនឡាញ។

រដ្ឋលេខាធិការ បានបង្ហាញជំនឿថា កម្ពុជា-រុស្ស៊ី នឹងបន្តកិច្ចសហការជាមួយគ្នាទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារក៏បានលើកឡើងការ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Fake-News គេត្រូវពឹងផ្អែកលើព័ត៌មានដែលត្រឹមត្រូវ និងប្រភពដែលបានត្រួតពិនិត្យរួចហើយ។ ម្យ៉ាងទៀត គេត្រូវបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីរបៀបមើល និងពិនិត្យលើព័ត៌មាន ហើយជ្រើសរើសព័ត៌មានដែលត្រឹមត្រូវ ដើម្បីមករាយការណ៍៕

To Top