សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃទីក្រុងម៉ូស្គូលោក Sergei Lavrov បានលើកឡើងថា កូរ៉េខាងត្បូង និងរុស្ស៊ី នឹងពិភាក្សាអំពី ដំណើរទស្សនកិច្ច ដែលអាចធ្វើទៅបានរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងសេអ៊ូល ឱ្យបានឆាប់នៅពេល ដែលស្ថានភាពមេរោគថ្មីមានលក្ខណៈធម្មតាវិញ។
នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរមួយជាមួយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នាពេលថ្មីៗនេះលោក Lavrov ក៏បានរំលឹកឡើងវិញនូវក្តីសង្ឃឹម របស់ទីក្រុងម៉ូស្គូ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រីភាគី ដែលពាក់ព័ន្ធនឹងកូរ៉េទាំងពីរនិងរុស្ស៊ី ដែលលោកបានលើកឡើងថា មិនត្រឹមតែបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។
លោក Lavrov បានបញ្ជាក់ថា “មានការពិភាក្សានយោបាយជាទៀងទាត់រវាងប្រទេសទាំងពីររួមទាំងប្រទេសកម្រិតខ្ពស់ផងដែរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន ទៅកាន់ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ ២០១៨ បានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី”៕ដោយ ឈូក បូរ៉ា