ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើឲ្យ អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់ ក្នុងពេលប្រជាពលដ្ឋធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅបានលទ្ធផល ជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ ស្នើឲ្យ អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់ ដូចខាងក្រោម ៖
ទី១-ស្មៀនឃុំ សង្កាត់នីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោត ឆ្នាំ២០២០ ស្របតាមច្បាប់បទបញ្ជា និងនិតីវិធីនៃគារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។
និងទី២-ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវមានវត្តមានជាប្រចាំដើម្បី ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២០ លើកលែងតែមានធុរៈ ចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។ ករណីស្មៀនឃុំ សង្កាត់អវត្តមាន មិនបានបំពេញការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើសុំច្បា់ឈប់សម្រាក ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។ ជាមួយគ្នានេះអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ០១រូប ដើម្បីជួយបំពេញការងារ ក្នុងការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ជំនួសស្មៀនឃុំ សង្កាត ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរការងារនេះ៕