ភ្នំពេញ ៖ ប្រតិកម្មតបជាមួយក្រុប្រឆាំង ដែលលើកឡើងថា ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដាក់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ឲ្យបន្តតំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត ត្រូវបានបរាជ័យនោះ សម្ដេចតេជោ បានចោទសួរត្រឡប់ទៅកាន់ ក្រុមប្រឆាំងវិញថា បើសម្ដេច ដែលជាឪពុកកំពុងកាន់អំណាចហើយនោះ តើឲ្យកូនប្រុសមកធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចឬយ៉ាងណា ។
ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា “វាលើកឡើងថាផែនការហ៊ុន សែន បរាជ័យដាក់កូនជំនួសមិនជោគជ័យ ។ ឥឡូវចង់សួរបើឪវា កំពុងនៅអីចឹង ឲ្យកូនមកធ្វើរដ្ឋប្រហារ មកតំណែងឪឬយ៉ាងម៉េច”។
ប្រតិកម្មតបចំពោះការរិះគន់របស់ក្រុមប្រឆាំងថាតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើជាមេបញ្ជាការកងទ័ពនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើសម្ដេចខិតខំបណ្តុះបណ្តាលកូន ឲ្យមានចំណេះដឹងហើយ យកកូនទៅធ្វើចោរវិញឬណា ?
ជាក់ស្ដែងបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន មានបំរាមមួយ គឺតែងតាំងកូន ជាសមាជិករាជរដ្ឋាភិបាល ជាពិសេសមិនឱ្យកូនចូលលូកលាន់ ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្នាក់ដឹកនាំក្នុងបក្ស ប្រជាជនកម្ពុជាទាំងអស់ បន់ឱ្យសម្តេចមានសុខភាពល្អ ដើម្បីរួមដំណើរជាមួយគ្នា ទៅមុខបន្តទៀត គ្មានការបែកបាក់ផ្ទៃក្នុងនោះទេ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ក្រុមប្រឆាំងវាយតម្លៃគណបក្សប្រជាជនកម្ពុជា មិនត្រូវនោះហើយជាហេតុ ធ្វើឲ្យពួកគេបរាជ័យជារៀងរហូត មិនអាចមានវាសនា ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិនោះ ៕