ព័ត៌មានអន្តរជាតិ

រុស្ស៊ីដាក់កងកម្លាំង នៅអតីតមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសស៊ីរីភាគខាងជើង

បរទេស៖ បណ្ដាញទូរទស្សន៍ Zvezda TV របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានដាក់ឧទ្ធម្ភាគចក្រចម្បាំង និងកងទ័ព នៅមូលដ្ឋានកងទ័ពអាកាសមួយ ក្នុងប្រទេសស៊ីរីភាគខាងជើង ដែលកងកម្លាំងសហរដ្ឋអាមេរិក បានបោះបង់ទុកចោល។

ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ីនោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយប្រាប់ឲ្យដឹងផងដែរថា ទីតាំងមូលដ្ឋានទ័ពអាកាសនោះ នឹងត្រូវបានប្រើប្រាស់ ជាមជ្ឈមណ្ឌលមួយ ដើម្បីចែកជំនួយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ហើយចំណោតអាកាសយាននោះ ក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្រប់គ្រង់ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលជាសម្ពន្ធមិត្តរបស់ទីក្រុងមូស្គូ។

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ការដាក់កងទ័ពរុស្ស៊ី នៅអតីតមូលដ្ឋានទ័ពអាមេរិកនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យដកកងទ័ពអាមេរិកភ្លាមៗ ចេញពីផ្នែកខ្លះ នៃប្រទេសស៊ីរីកាលពីខែមុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top