ព័ត៌មានជាតិ

វិភាគ: គ្រូពេទ្យអាមេរិក ចាក់អង់ទីគ័រថ្មីដែល កំពុងដំណើរការសាកល្បង ឲ្យលោក ត្រាំ ដើម្បីព្យាបាលវីរុស Covid-19

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលានេះ ដើម្បីទទួលការព្យាបាលវីរុសCovid-19 ខណៈដែលលោកប្រធានាធិបតីរូបនេះ រួមទាំងស្ត្រីទី១ មេឡានៀត្រាំ (ភរិយា) ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19ទាំងពីរនាក់ កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះ ។

​​លោកស្រី ខេឡេក ម៉ាកអេណានី (Kayleigh McEnany) បាននិយាយថា គ្រួពេទ្យជំនាញបានអោយលោក ត្រាំ ទទួលថ្នាំប្រឆាំងមេ រោគឈ្មោះ Remdesivir នៅថ្ងៃដំបូងដែលលោកប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅដល់មន្ទីរពេទ្យ ។

          លោកវេជ្ជបណ្ឌិត សៀន ខូលី (Sean Conley) ជាគ្រួពេទ្យប្រចាំរបស់លោក ត្រាំ បាននិយាយថា គ្រួពេទ្យជំនាញក៏បានចាក់បញ្ចូលអង់ទីគ័រថ្មីមួយប្រភេទចូលទៅក្នុងខ្លួនលោក ត្រាំ ផងដែរ ដែលអង់ទីគ័រថ្មីនេះ កំពុងដំណើរការសាកល្បងនៅឡើយ ។

          សូមបញ្ជាក់ជូនថា ការចាក់អង់ទីគ័រប្រភេទថ្មីដែល កំពុងដំណើរការសាកល្បងចូលទៅក្នុងខ្លួនលោក ត្រាំ នេះ ធ្វើអោយក្រុមអ្នកជំនាញផ្នែកសុខភាព ជាច្រើន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារអង់ទីគ័រ ប្រភេទថ្មីនេះ មិនទាន់ត្រូវបានទទួលស្គាល់នៅឡើយទេ ។

សារធាតុអង់ទីគ័រនោះ ជាសារធាតុដែលត្រូវបានស្រាវជ្រាវ​ដោយមន្ទីរពិសោធន៍ឈ្មោះ Regeneron តែមិនទាន់ត្រូវបាន​អនុញ្ញាតិឲ្យ​ប្រើជាផ្លូវការដោយអាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយក៏មិនទាន់ប្រកាសពីប្រសិទ្ធភាពដែរ ។

ក្រោយ​លេចឮដំណឹងនេះ អ្នកជំនាញមួយចំនួន​ទៀត បានសម្តែងការព្រួយបារម្ភ ព្រោះថា ការចាក់បញ្ចូល​សារធាតុអង់ទីគ័រថ្មី ដែលស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ មិនទាន់បានធ្វើការសាកល្បងទ្រង់ទ្រាយធំបែបនេះ គឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ។

លោកស្រី ខាឡា ភើរីស៊ីណូតូ (Carla Perissinotto) អ្នកជំនាញវេជ្ជសាស្ត្រម្នាក់ នៅ​សកលវិទ្យា​ល័យកាលីហ្វ័រនីញ៉ា បាន​លើកឡើងថា ជាធម្មតា គេមិនអាចលេងសើច​ជាមួយ​នឹងផលអវិជ្ជមាន ដែលអាចបង្កឡើងដោយការចាក់បញ្ចូលអង់ទីគ័រថ្មីរបៀបនេះ ដោយចាក់បញ្ចូលក្នុងរាងកាយអ្នកជម្ងឺ ដែលមានវ័យ៧០ឆ្នាំជាង ដូចជាលោក ដូណាល់ ត្រាំ នោះទេ ។

ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក ត្រាំ នេះដែរ លោក សៀន ខូលី បានចេញសេចក្តីប្រកាសមួយ កាលពីយប់ថ្ងៃអាទិត្យថា លោកប្រធានាធិបតីរូបនេះ អាចនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទ ទី៥ ខែតុលានេះ ដោយសារលោកមានសុខភាពល្អ ។

មេដឹកនាំ និងប្រជាពលរដ្ឋអាមេរិក និងពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលបច្ចុប្បន្ននេះ ដោយសារតែការបោះឆ្នោតជិតឈានចូលមកដល់ហើយ ។

នៅសល់រយៈពេលមិនដល់មួយខែទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកនឹងឈានចូលមកដល់ គឺនៅថ្ងៃទី៣ ខែវិច្ឆកា ចុងឆ្នាំ២០២០នេះ ប៉ុន្តែលោក ត្រាំ បែរជាឆ្លងវីរុសCovid-19ទៅវិញ ដែលប៉ះពាល់ដល់សុខភាពផ្ទាល់របស់លោក ។

នេះជាវាជាករណីមួយ ដែលមិនធ្លាប់កើតឡើងទាល់តែសោះសម្រាប់​ប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលកាលបរិច្ឆេទបោះឆ្នោតជិតចូលមកដល់ បេក្ខជនប្រធានាធិបតី បែជាបានឆ្លងវីរុសCovid-19 និងចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទៅវិញ ។

ក្នុងករណី ដែលស្ថានភាពសុខភាព​របស់​លោក ដូណាល់ ត្រាំ ឈានទៅដល់ធ្ងន់ធ្ងរ ហើយមិនអាច​ឈរឈ្មោះបោះឆ្នោតបាន​ គឺគណបក្សសាធារណៈរដ្ឋ ត្រូវតែរៀបចំស្នើបេក្ខភាពឈរឈ្មោះម្នាក់ទៀត ដែលមានសុខភាពល្អជាងលោក ត្រាំ ។

លោក វីនសិន ស៊ូរីយូ (Vincent Souriau) ជាប្រវត្តិវិទូជំនាញរបស់សហរដ្ឋអាមេរិក បាន​ពន្យល់ថា តាមធម្មតា គណកម្មការពិសេសមួយរបស់គណបក្សសាធារណៈរដ្ឋ ដែលមាន​សមាជិក១៦៨នាក់ ៣នាក់តំណាងរដ្ឋនីមួយ​ៗរបស់សហរដ្ឋអាមេរិក​ ជាអ្នកស្នើ​បេក្ខជនឈរឈ្មោះថ្មីម្នាក់ទៀតជំនួសលោក ត្រាំ ប្រសិនបើលោក ត្រាំ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយ នីតិវិធីនេះ ​មិនមែនធ្វើមួយថ្ងៃបាននោះទេ គឺត្រូវចំណាយពេល​យូរ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បានឆ្លងវីរុសCovid-19 គឺមិនទាន់ត្រូវបានបង្ហាញអោយបានច្បាស់លាស់ថាតើប្រធានាធិបតីរូបនេះ បានឆ្លងវីរុសCovid-19ពីនរណា និងមកពីប្រភពណានោះទ ។

អ្នកជំនាញផ្នែកជំងឺឆ្លងជាច្រើនរបស់សហរដ្ឋអាមេរិក បានលើកឡើងថា លោក ត្រាំ ទំនឹងជាឆ្លងវីរុសCovid-19ពីលេខាផ្ទាល់របស់លោក គឺលោកស្រី Hope Hicks ដែលជាទីប្រឹក្សាទំនាក់ទំនងសេតវិមាន និងជាមនុស្សស្និទ្ធជាមួយលោក ត្រាំ បំផុត ។

លោកស្រី Hope Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19មុនលោក ត្រាំ ទៅទៀត ហើយលេខារបស់លោក ត្រាំ រូបនេះ តែងតែអមដំណើរ និងនៅជិតលោក ត្រាំ ទៅស្ទើរគ្រប់ទីកន្លែងក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងនៅសេតវិមាន ។

បែបនេះហើយ បានជាអ្នកជំនាញផ្នែកសុខភាពបានសន្និដ្ឋានថា លោក ត្រាំ គឺទំនងជាឆ្លងវីរុសCovid-19ពីលោកស្រី Hope Hicks ដែលជាលេខារបស់ខ្លួន ហើយលោកស្រីលេខារូបនេះ អាចឆ្លងវីរុសនេះពីទាហាន ដោយសារលោកស្រី Hope Hicks បានទៅចាប់ដៃ និងអោបទាហានក្នុងថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ។

សន្និដ្ឋាន៖ ប្រសិនបើលោក ត្រាំ ឈឺធ្ងន់មិនអាចធ្វើការកើត តើបាននរណាជំនួស ?

ក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានចែងថា ក្នុងករណីដែលប្រធានាធិបតីមានបញ្ហាសុខភាពធ្ងន់ធ្ងរមិនអាចធ្វើការបាន ឬប្រធានាធិបតីបាត់បង់ជីវិត គឺអនុប្រធានាធិបតីជាអ្នកកាន់តំណែងជំនួសដោយស្វ័យប្រវត្តិ ដោយមិនបាច់បោះឆ្នោតនោះទេ ។

ហើយបើក្នុងករណី អនុប្រធានាធិបតីបាត់បង់សមត្ថភាពធ្វើការងារ ឬបាត់បង់ជីវិតដូចប្រធានាធិបតី គឺប្រធានរដ្ឋសភាជាអ្នកដឹកនាំប្រទេសជំនួស ទោះបីជាប្រធានរដ្ឋសភាមកពីគណបក្សណាក៏ដោយ ក៏អាចដឹកនាំប្រទេសបានដែរ​ ។

មានន័យថា ប្រសិនបើលោក ដូណាល់ ត្រាំ បាត់បង់សមត្ថភាពធ្វើការងារដោយសារតែការឆ្លងវីរុសCovid-19 គឺលោក ម៉ាយ ផេន អនុប្រធានាធិបតីជាអ្នកដឹកនាំប្រទេសជំនួស ហើយបើលោក ម៉ាយ ផេន បាត់បង់សមត្ថភាពធ្វើការងារ ឬគ្រោះថ្នាក់ដល់អាយុជីវិតដូចលោក ត្រាំ ដែរ គឺលោកស្រី ណាន់ស៊ី ប៉ែឡូស៊ី មកពីគណបក្សប្រជាធិបតេយ្យជាអ្នកដឹកនាំប្រទេសបន្ទាប់​៕

To Top