បរទេស៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានជូនពរដល់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ឱ្យជាសះស្បើយ ពីជំងឺកូវីដ១៩ ទោះបីមានទំនាក់ទំនងរវាងប្រទេស ទាំងពីរ មិនល្អយ៉ាណាក៏ដោយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នលោក ត្រាំ កំពុងត្រូវបានគេព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅរដ្ឋ Maryland ប៉ុន្តែគ្រូពេទ្យនិយាយថា លោក ត្រាំ អាចចាកចេញពីមន្ទីរពេទ្យឆាប់ៗនៅថ្ងៃច័ន្ទ ប្រសិនបើស្ថានភាពសុខភាពរបស់គាត់នៅតែប្រសើរឡើងនោះ។
លោកម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃ អាទិត្យក្នុងសន្និសីទសារព័ត៌មានមួយស្តីពីសុខភាពលោក ត្រាំ នៅលើបណ្តាញសង្គមថា “ យើងមិនចង់អោយមនុស្សណាម្នាក់ឆ្លងទេ យើងសូមបង្ហាញនូវសាមគ្គីភាពមនុស្សរបស់យើងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាសត្រូវរបស់វេណេស៊ុយអេឡា ប៉ុន្តែយើងចង់អោយគាត់ជាសះស្បើយ” ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតទៅលើវេណេស៊ុយអេឡាចំពេលមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងវ៉ាស៊ីនតោននិងរដ្ឋបាល លោក ម៉ាឌូរ៉ូ។
មុននោះមេដឹកនាំពិភពលោកជាច្រើន រួមមានប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីន ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ប្រធានាធិបតីចិនលោកស៊ីជិនពីង មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន និងអ្នកផ្សេងទៀត បានជូនពរដល់លោក ដូណាល់ ត្រាំ និងភរិយា ឱ្យមានការជាសះស្បើយឆាប់រហ័ស៕ ប្រែសម្រួលៈ ណៃ តុលា