សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីលបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ដោយវីរុសកូរ៉ូណា (កូវីដ១៩)ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួន៨១៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់១៤៧.៤៩៤នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៤១.៩០៦នាក់ ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ ចាប់តាំងពីផ្ទុះជំងឺមានដល់៤.៩៦៩.១៤១នាក់ ។
រដ្ឋសៅប៉ូឡូ ជាកន្លែងដែលផ្ទុះជំងឺខ្លាំងក្លាជាងគេ ហើយកំពុងតែបើកដំណើរការសាលារៀនឡើងវិញ នៅតាមបណ្តាទីក្រុងមួយចំនួន ដូចជានៅរដ្ឋធានី សៅប៉ូឡូ បន្ទាប់ពីបានផ្អាកនៅក្នុងខែមីនា ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣លើពិភពលោកដែលមានអ្នកឆ្លងជំងឺច្រើនបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា