អត្ថបទ

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបាន ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី

ភ្នំពេញ៖ ១៣ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយស ទទួលបាន ​ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020 ) នៅក្នុងព្រឹត្តិការណ៍ World HRD Congress នាថ្ងៃសៅរ៍ ទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ និយោជិកប្រចាំទ្វីបអាស៊ី របស់ World HRD Congress លើកទី ១ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងឆ្នាំ ២០១០។ ប៉ុន្តែដោយឡែក សម្រាប់កម្មវិធីប្រគល់ ពានរង្វាន់នាឆ្នាំនេះវិញ គឺត្រូវបានធ្វើឡើង តាមប្រព័ន្ធអនឡាញ ដោយសារតែមានការរឹតត្បិត ដែលបណ្តាលមកពី ផលប៉ះពាល់ នៃជម្ងឺរាត្បាតកូវីដ ១៩។ World HRD Congress គឺជាអង្គការឯករាជ្យ មិនសំដៅប្រាក់ចំណេញ ដែលមានគោលបំណង ជួយធ្វើឱ្យ “ការងារ និងជីវិតការងារកាន់តែ មានភាពប្រសើរឡើង” ។

ការទទួលបាននូវពានរង្វាន់ ដ៏មានកិត្យានុភាពទាំងនេះ គឺជាសក្ខីភាពដែលបញ្ជាក់ ឱ្យឃើញច្បាស់ នូវចក្ខុវិស័យ របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ឌីជីថលនីយកម្មកម្ពុជា។

បន្ទាប់ពីការប្រកាស នូវការទទួលពានរង្វាន់ទាំងបួននេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំទាំងអស់ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់យើង ចំពោះការបំពេញ ជាគម្រូដ៏ល្អ ប្រកបដោយភាពខ្លាំង រឹងមាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងអំឡុងពេលនេះ។ បើទោះបីជាមាន ការរីករាលដាល នៃជម្ងឺរាតត្បាតយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា នៅតែរក្សាគោលជំហរយ៉ាងរឹងមាំ ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យ តែមួយរបស់យើង ដែលជាការរួបរួមគ្នា ជាធ្លុងមួយ ពោលគឺមិនត្រឹមតែបង្រួបបង្រួម ផ្នែកប្រតិបត្តិការ និងផែនការហេដ្ឋារចនាសម្ព័ន្ធ របស់យើងប៉ុណ្ណោះទេ តែថែមទាំងរួបរួម សមាជិកនៅក្នុងក្រុម ស្របពេលដែលយើង កំពុងធ្វើការគាំទ្រគ្នា ទៅវិញទៅមក ក៏ដូចជាខិតខំពង្រឹង នូវការផ្តល់សេវាកម្ម របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជូនដល់ប្រជាជនកម្ពុជាផងដែរ។

សព្វថ្ងៃនេះ បងប្អូនពលរដ្ឋខ្មែរជាង ៧០% កំពុងចូលរួមប្រើប្រាស់ និងធ្វើប្រតិបត្តិការ ជាមួយផលិតផល ឬសេវាកម្ម របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្នុងនាមជាក្រុមហ៊ុន ដែលមានកម្មសិទ្ធទាំងស្រុង ជាជនជាតិខ្មែរ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងធានាឱ្យបានថា ខ្លួននឹងយកចិត្តទុកដាក់ បម្រើអតិថិជនជាធំ ពោលគឺយកចិត្តទុកដាក់ បម្រើអតិថិជន ទាំងនៅតាមទីក្រុង និងតំបន់ដាច់ស្រយាល ទាំងអ្នកធូរធារ និងអ្នកខ្សត់ខ្សោយ រួមទាំងមនុស្ស គ្រប់វ័យផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមឱ្យដឹងទៀតថា៖ “យើងអាចប្រមូលផ្តុំនូវកម្លាំង ក្រុមការងាររបស់យើង ដើម្បីឈានទៅសម្រេច លទ្ធផលបានហួសពីការរំពឹងទុក តាមរយៈការផ្តល់ជូននូវសេវាកម្ម ប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ការបង្កើតផលិតផលថ្មីៗ និងការស្វែងរក នូវមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ ដល់អតិថិជន ក៏ដូចជាជួយដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ ពីព្រោះពួកយើង យកចិត្តទុកដាក់ និងយល់នូវទុក្ខលំបាក ដែលមនុស្សជាច្រើនគ្នា កំពុងប្រឈមជាមួយ ក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cellcard, Ezecom និង Wing ពិតជាមានមោទនភាពបំផុត ដែលបានបម្រើពលរដ្ឋខ្មែរ និងក្លាយជាផ្នែកមួយ នៃការជួយប្រទេសកម្ពុជា ឱ្យងើបឡើងវិញផងដែរ៕

To Top