បរទេស៖ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ដែលជាផ្លូវការនៅតែហៅថានៅមានសង្គ្រាមនឹងគ្នា ក្រោយជម្លោះជាច្រើនទសវត្សនោះ តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នានៅថ្ងៃពុធ ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងមួយ ជុំវិញព្រំដែនទឹក ដែលកាត់តាមដែនទឹកសមុទ្រមេឌីទែរ៉ានេ ជាទីសម្បូរដោយធនធានឧស្ម័ន។
កិច្ចពិភាក្សាគ្នាសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រើការទូតដ៏ខ្លាំងក្លារយៈពេល៣ឆ្នាំដោយទីក្រុងវ៉ាស៊ីនតោន និងបានប្រកាសពេលតិចជាងមួយខែ បន្ទាប់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើសម្ពន្ធមិត្តនយោបាយរបស់ក្រុមលីបង់ ហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
ក្រៅពីនោះ កិច្ចពិភាក្សាគ្នានេះ ក៏ត្រូវបានធ្វើឡើង ក្រោយសហភាពអារ៉ាប់រួមនិងបារ៉ែន បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពពេញលេញជាមួយអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក រៀបចំសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ាខ្លះប្រឆាំងនឹងអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង