ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជាទើបទទួលតំណែងថ្មី ជួយទាក់ទាញកៀរគរអ្នក វិនិយោគដែលជាសមាជិក របស់ខ្លួនមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដើម្បីចូលរួមជួយស្ដារ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ។
នេះបើយោងតាមការផ្សព្វផ្សាយ ក្នុងផេកហ្វេសប៊ុកលោកអ៊ិត សំហេង។
ក្នុងជំនួបជាមួយលោក Tassilo BRINZER នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក អ៊ិត សំហេង បានថ្លែងថា ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានរងផល ប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ ។
លោក អ៊ិត សំហេង បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោល នយោបាយជាតិនានារបស់កម្ពុជា។
លោករដ្ឋមន្ត្រីស្នើសភា ពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគ ដែលជាដៃគូរបស់ខ្លួនឲ្យមក វិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ ជានិច្ច ចំពោះការវិនិយោគ របស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ។
លោក Tassilo BRINZER ឯកភាពយល់ព្រម ដោយបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគ ដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេស នៅប្រទេសជិតខាង មានថៃ វៀតណាមឲ្យចាប់អារម្មណ៍ ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជា គឺពិតជាមានភាពល្អប្រសើរ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យ បានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើន សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺកូវីដ-១៩ ក៏ភាគីទាំងពីរនៅតែប្រកៀកស្មាគ្នា ជម្នះឧបសគ្គឱ្យបាន ។
គួរជម្រាបថា សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជាបង្កើតឡើង នៅឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខានៅកម្ពុជា ក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប៕