ព័ត៌មានអន្តរជាតិ

សិង្ហបុរី អនុញ្ញាតឲ្យអ្នកដំណើរបរទេសមកពីចិនដីគោក ចូលក្នុងប្រទេសរបស់ខ្លួនវិញហើយ

បរទេស៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសសិង្ហបុរី ឬCAAS បាននិយាយថា ប្រទេសសិង្ហបុរីនឹងអនុញ្ញាត ឱ្យអ្នកទេសចររយៈពេលខ្លីមកពីចិនដីគោក ចូលមកដល់ប្រទេសរបស់ខ្លួនវិញ ហើយប្រសិនបើពួកគេ ធ្វើតេស្តអវិជ្ជមាននៃ COVID-19 ពួកគេមិនចាំបាច់ដាក់ខ្លួន ឲ្យដាច់ដោយឡែករយៈ ១៤ ថ្ងៃនោះទេ។

ការអនុវត្តនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ខែវិច្ឆិកា អ្នកទេសចរនឹងឆ្លង កាត់ការធ្វើតេស្តរកកូវីដ១៩ ពេលមកដល់ព្រលានយន្តហោះ។ បន្ទាប់ពីបានធ្វើតេស្តអ្នកទេសចរ ត្រូវយកមធ្យោបាយ ធ្វើដំណើរឯកជនតាក់ស៊ី ឬឡានជួលឯកជនពីព្រលានយន្តហោះ ទៅកន្លែងស្នាក់នៅដែលបានប្រកាស។ លទ្ធផលតេស្តនឹងចេញក្នុងរយៈពេល ៤៨ ម៉ោងហើយជាធម្មតា ក្នុងរយៈពេល ១២ ម៉ោង។ អ្នកធ្វើដំណើរទាំងនោះ ត្រូវតែនៅដាច់ឆ្ងាយពីកន្លែងស្នាក់នៅ រហូតដល់លទ្ធផលតេស្ត ត្រូវបានបញ្ជាក់ថាអវិជ្ជមាន។

ក្នុងនោះផងដែរ គោលការណ៍ច្បាប់ថ្មី ក៏បានបញ្ជាក់ដែរថា ចាប់ផ្តើមពីថ្ងៃទី ៣០ ខែតុលា អ្នកទេសចរទាំងនោះ អាចដាក់ពាក្យ សុំលិខិតឆ្លងដែនផ្លូវអាកាសសម្រាប់ ការធ្វើដំណើរចូល ប្រទេសសិង្ហបុរីនៅ ឬក្រោយថ្ងៃទី ៦ ខែវិច្ឆិកានេះបើយោងតាម CAAS ធ្វើការបញ្ជាក់បន្ថែម៕

ប្រែសម្រួល៖ស៊ុនលី

To Top