ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ៖ នឹងជារឿង គួរស្វាគមន៍ ដែលអាមេរិក វិលចូលកិច្ចព្រមព្រៀងប៉ារីស និងអង្គការសហប្រជាជាតិវិញ ក្រោមការដឹកនាំ របស់លោក បៃដិន

បរទេស ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលី នឹងស្វាគមន៍ ចំពោះប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូ បៃដិន ដែលដាក់សហរដ្ឋអាមេរិក ឲ្យចូលក្នុងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីសវិញ ហើយលោកថ្លែងយ៉ាងដូច្នេះ ស្របពេលលោកខ្លួនឯងផ្ទាល់ ប្រឈមមុខនឹងសម្ពាធឲ្យបង្កើនកិច្ចប្រឹងប្រែង កាត់បន្ថយការបំភាយសារធាតុកាបូន របស់អូស្ត្រាលី។

លោក Scott Morrison បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងនឹងស្វាគមន៍ចំពោះអាមរិក ដែលវិលចូលកិច្ចព្រមព្រៀងប៉ារីស ជាទីដែលយើងតែងតែនៅជាមួយ”។ លោកបន្ថែមទៀតថា ការវិលត្រឡប់របស់សហរដ្ឋអាមេរិក ចូលមកអង្គការពិភពលោកដទៃទៀ ដូចជាអង្គការសុខភាពពិភពលោកជាដើម ក៏នឹងជារឿងគួរស្វាគមន៍ផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកខ្លួនចេញជាផ្លូវការ ពីកិច្ចព្រមព្រៀងអាកាសធាតុ នៅទីក្រុងប៉ារីស កាលពីសប្ដាហ៍មុន ប៉ុន្តែលោក ចូ បៃដិន ធ្លាប់បានសន្យាថា នឹងចូលរួមវិញក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ហើយលោកក៏បានប្តេជ្ញាធ្វើឲ្យមានគ្មាន ការបំភាយឧស្ម័យផ្ទះកញ្ចក់ នៅត្រឹមឆ្នាំ២០៥០ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top