ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានពីការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងជាង ៩០០នាក់ ដែលមានពាក់ព័ន្ធ ជាមួយប្រតិភូហុងគ្រី ។
តាមរយៈហ្វេសប៊ុកផេក របស់សម្ដេចបានសរេររៀបរាប់ យ៉ាងដូច្នេះថា ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យ បានយកសំណាកខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ ទៅធ្វើតេស្តជាលើកទី២។ លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អ សម្រាប់ដំណាក់កាលទី២ ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំ ការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា។
សម្ដេចបន្តថា ខ្ញុំកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ ដោយផ្ទាល់ ឬដោយប្រយោល ពីព្រឹត្តិការណ៍ ដែលខ្ញុំសូមដាក់ឈ្មោះថា (ព្រឹត្តិការណ៍៣វិច្ឆិកា)។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់ថា «ព្រឹត្តិការណ៍ (៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់ នៅក្រោយពេល ដែលមនុស្សប្រមាណ៩០០នាក់ ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេល ប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុង ធ្វើចត្តាឡីស័កកុំចេញ ទៅជួបជាមួយមនុស្សផ្សេងទៀត »។
ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើអោយកាន់តែលំបាក ប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។
សម្ដេចគួសបញ្ជាក់ថា «ដើម្បីបញ្ជៀសករណី ដូចដែលខ្ញុំបានលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជា អោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យ តាមដានគ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់ អនុវត្តន៍មិនបានត្រឹមត្រូវ ក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ ទៅធ្វើចត្តាឡីស័ក តាមទីកន្លែងដែលរៀបចំ ដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពី កម្លាំងនគរបាល ឬកងរាជអាវុធហត្ថ អោយបានហ្មត់ចត់។»
សម្ដេចបន្ថែមថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ ព្រឹត្តិការ៣វិច្ឆិកាអោយបានឆាប់ តាមរយៈកុំអោយកើនចំនួន មនុស្សពាក់ព័ន្ធ ដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើង ក្លាយជាអគ្គិភ័យតាមរយៈ ការធ្វេសប្រហែស របស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង ។
សម្ដេចបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍៣វិច្ឆិកា នឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យារពេល។ សូមជូនពរបងប្អូនជនរួមជាតិ ឃ្លាតឆ្ងាយពីកូវីត១៩» ៕