Covid-19

ព្រឹត្តិការណ៍៣ វិច្ឆិកា៖ សម្តេចតេជោ ផ្ញើសារពិសេសជូនប្រជាពលរដ្ឋ ពាក់ព័ន្ធករណីជំងឺកូវីដ-១៩ និងអំពាវនាវកុំឲ្យ មានភាពស្លន់ស្លោរ (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើរសារជាសម្លេង ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា និងអំពាវនាវកុំឲ្យ មានភាពស្លន់ស្លោរ។

ការអំពាវនាវនេះធ្វើឡើង ក្រោយរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួនបីនាក់បន្ថែមទៀត លើតំណាងរាស្រ្ត មន្រ្តីកសិកម្ម និងមន្រ្តីទូូតហុងគ្រី ដែលបានពាក់ព័ន្ធជាមួយ រដ្ឋមន្រ្តីការបរទេសនងពាណិជ្ជកម្ម ហុងគ្រី ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ផងដែរថា អ្វីដែលជាកង្វល់ពិតប្រាកដ នៅពេលនេះ គឺការធ្វើចត្តឡីស័ក របស់ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «ការយល់ឃើញរបស់ភរិយា ថ្នាក់ដឹកនាំ និងមន្ត្រី ឬអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ហើយដែលគិតថាខ្លួន បានត្រឹមប៉ះពាល់ ដោយប្រយោល ដូច្នេះហើយបាន ទៅចូលរួមក្នុងពិធីផ្សេងៗ ដែលនេះគឺជាការធ្វេសប្រហែស មួយដ៏ធំ ដែលអាចឈានទៅដល់ការអន្តរាយ។ ខ្ញុំសុំស្នើជាថ្មី និងដោយទទូច ចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ រួមទាំងប្រពន្ធកូន និងក្រុមគ្រួសារទាំងអស់ដែលនៅក្នុងផ្ទះ សូមមេត្តាដាក់ខ្លួននៅក្នុងផ្ទះ ដោយធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ព្រោះថានេះគឺជាបញ្ហាសំខាន់ ដោយយើងមិនត្រូវនាំខ្លួនយើងទៅចម្លងមេរោគឱ្យអ្នកដ៏ទៃ ឬឱ្យទៅសង្គមនោះទេ»។

សម្តេចតេជោ បានបន្ថែមថា បើចង់បញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ឱ្យបានឆាប់នោះ ជម្រើសមានតែមួយគត់គឺ ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេយើងនឹងអាចដើរទៅចម្លងនៅខាងក្រៅ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការបាត់ដាននៅខាងក្រៅ ហើយទៅចម្លងនៅទីកន្លែងផ្សេងៗ ដែលនេះហើយគឺជាការចម្លងទៅក្នុងសហគមន៍ដោយគ្មានដានទាល់តែសោះ ដែលនោះហើយគឺជាមហន្តរាយ ដែលនឹងមិនត្រឹមរីករាលដាលត្រឹមតែរាជធានីភ្នំពេញនោះទេ គឺនឹងរាលដល់ទៅដល់ទូទាំងប្រទេសផងដែរ ។

សម្ដេចបន្តទៀតថា បទពិសោធន៍នៃប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដូចជាប្រទេសមីយ៉ាន់ម៉ា បានបង្ហាញយ៉ាងច្បាស់ថា ការរីករាលដាលក្នុងសហគមន៍ និងការបាត់ដាននៃការឆ្លងពីម្នាក់ទៅម្នាក់ បានធ្វើឱ្យប្រទេសនេះ មានកំណើនឆ្លងក្នុងមួយថ្ងៃជាង ១ ០០០នាក់ និងករណីឆ្លងសរុបជាង ៦០ ០០០នាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាផងដែរថា រាល់អ្នកទាំងអស់ដែលធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ហើយចំពោះអ្នកចត្តាឡីស័កតាមផ្ទះ បើសិនអ្នកដែលធ្វើចត្តាឡីស័កពុំបានត្រឹមត្រូវនោះទេ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំពិនិត្យតាមដាន ឱ្យបានច្បាស់លាស់ និងនាំពួកគាត់ទៅធ្វើចត្តាឡីស័កនៅផ្នែកដែលរៀបចំដោយក្រសួងសុខាភិបាល មិនថានៅទីក្រុង ឬនៅបណ្តាខេត្តនោះទេ ហើយត្រូវមានការការពារ និងយាមកាមយ៉ាងត្រឹមត្រូវ ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា នោះមិនមែនជាការដាក់ឃុំនោះទេ ក៏ប៉ុន្តែនោះជាតម្រូវការចាំបាច់ នៃការដាក់ខ្លួនឱ្យដាច់ដោយឡែក ដោយប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសថា ត្រូវចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវនៃវិធានចត្តាឡីស័ក ឬត្រូវធ្វើចត្តាឡីស័ក ដោយមានការចាប់បញ្ជូនទៅកន្លែងចត្តាឡីស័ក៕

To Top