ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅទូទាំង ពិពលោកដោយសារវីរុសកូរ៉ូណា ត្រូវបានគេរាយការណ៍រហូតដល់ ១០.៨១៦នាក់ គិតត្រឹមថ្ងៃអង្គារ ។ ដែលនេះជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ដែលបានរាប់ ខណៈដែលសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ ច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ។
ក្នុងកំណត់ត្រាមុន អ្នកស្លាប់ប្រចាំថ្ងៃនៅទូទាំងពិភពលោក មានចំនួន ១០.៧៣៣នាក់ ដែលបានចុះក្នុងបញ្ជីកាលពីថ្ងៃទី៤ ខែវិច្ឆិកា ។
ទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេនៅទូទាំងពិភពលោក ដែលបានរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន ១១,៣៨លាននាក់ និងមានអ្នកស្លាប់ចំនួន ២៤៨.៥៧៤នាក់ ចាប់តាំងពីមានជំងឺឆ្លងរាតត្បាត ។
នៅក្នុងតំបន់អឺរ៉ុប ត្រូវបានគេរាប់ចំនួន និងឲ្យដឹងថា អ្នកស្លាប់មានរហូតដល់ ១,៣លាននាក់ ស្មើនឹង១/៤នៃចំនួនអ្នកស្លាប់ទាំងអស់ ហើយចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា ចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា