អត្ថបទ

ខេត្តកោះកុង ជាគោលដៅទី១១ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត

កោះកុង៖ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ក្នុងការរៀបចំសិក្ខាសាលា នៅខេត្តកោះកុង ដែលជាគោលដៅទី១១ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក ផៃថូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ ដឹងពាក់ព័ន្ធ?”

សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណង ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំង ព្រះរាជាណាចក្រ កម្ពុជា។

លោក ផៃថូន ផ្លាមកេសន បានលើកឡើងពីសក្ដានុពលខេត្តថា ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើន សេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ផៃថូន ផ្លាមកេសន ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារ ឧបករណ៍និស្សន្ទ។

លោក ស៊ូ សុជាតិ បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តកោះកុងនេះជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។លោកបានលើកទឹកចិត្ត ឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍ និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា “ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើត ឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាស រកប្រាក់ ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំ មកជាការវិនិយោគ ការបង្កើតជម្រើសថ្មី នៃការវិនិយោគការបង្វែរ ការវិនិយោគ ពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម”

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោក ទៅលើសិក្ខាសាលាតាម បណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ ច្រើនដល់វិនិយោគិនដែលវិនិយោគលើ ផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញា អភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមានការ ទទួលស្គាល់នៅទូទាំងពិភពលោក។

លោក Lawrence បាននិយាយថា “ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការ មូលបត្រកម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញ វិនិយោគដល់ សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃប្រទេសកម្ពុជា។ នេះ គឺជាប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយ អំពី ប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស ឱ្យមកវិនិយោគ ក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជាអ្វីដែលយើង បានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេស អង់គ្លេសនាពេលថ្មីៗនេះ”

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន១៦រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងនេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើននៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មាន បន្ថែម ឬចុះឈ្មោះចូលរួម សិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777

To Top