អត្ថបទ

ប្រឡាយ ស្ទឹងមានជ័យ ប្រែខ្លួនពីអាងទឹកស្អុយ ជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់

ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្ដើម របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យថែមទៀតផង ។

សូមរំលឹកថា ការដ្ឋានបុកស៊ីផាយស្ថាបនាប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ កន្លងមកហើយគិតមកដល់ចុងខែមករានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារ បានជាង១០០០ម៉ែត្រ ស្មើនិង៦៨ ភាគរយ ដោយគ្រោងនឹងបញ្ចប់ នៅខែកក្កដាខាងមុខនេះ ។

ពាក់ព័ន្ធការងារខាងលើ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២២ មករានេះ ថា ការដ្ឋានសាងសង់ ប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាន ការងារមួយចំនួនធំហើយ ក្នុងនោះរួមមាន៖ ទី១ ការងារបុកSheet Pile ចាក់និងតម្លើងបង្កាន់ដៃបានប្រវែង ៧៦៣ម៉ែត្រ។ ទី២ ចាក់លូប្រអប់៣ជួរ ទទឹង៨ម៉ែត្រ បានប្រវែង ២៥៧ម៉ែត្រ ។សរុបសាងសង់ប្រឡាយបានប្រវែង១០២០ម៉ែត្រ លើប្រវែងសរុប១៥០០ម៉ែត្រ ស្មើនឹង៦៨ភាគរយ ។ ទី៣ ជាទិសដៅគ្រោងបញ្ចប់ នៅខែកក្កដា២០២០ខាងមុខនេះ បើក្នុងករណីបានដោះស្រាយ ផលប៉ះពាល់បានទាន់ពេលវេលា។

គួរបញ្ជាក់ថា តំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននិងកំពុងស្ថាបនា ប្រឡាយស្ទឹងមានជ័យ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែក ជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយ សរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោត ប្រគល់ដី ជូនប្រជាពលរដ្ឋ ដែលរស់នៅលើ ប្រឡាយចំនួន១៥២គ្រួសាររួចហើយ ។

ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋ រស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួនជាង ៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដី ទំហំ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយ ស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕ដោយ៖ ដារាត់

To Top