អត្ថបទ

សមាហរណកម្ម រួមបញ្ជូលគ្នា ​រវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបាន ការយល់ព្រម ពីធនាគារជាតិ នៃកម្ពុជា

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រម ពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្ម រួមបញ្ចូលគ្នា នូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរ​ បានស្ម័គ្រចិត្ត ធ្វើសេចក្តីប្រកាសព័ត៌មាន អំពីការរួមបញ្ចូលគ្នានេះ។

ក្រោយបញ្ចប់ការ ធ្វើសមាហរណកម្មរួម គេរំពឹងថា នឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរ នូវប្រព័ន្ធអេកូឡូស៊ី ក្នុងការទូទាត់ការចំណាយ លើប្រព័ន្ធឌីជីថល នៅកម្ពុជា។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ ការចំណាយលើប្រព័ន្ធ ឌីជីថលដំបូងបង្អស់ នៅកម្ពុជា ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អាជីវករ និងការបង្ហាញ សក្តានុពល នាពេលអនាគត សម្រាប់សេវាកម្ម តម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នា ដែលនឹងជិតបញ្ចប់ជាស្ថាពរនេះ នឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាស និងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ ឲ្យអស់ពីលទ្ធភាព។

ជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Pi Pay នឹងទទួលបានការគាំទ្រ កាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ឧបសគ្គក្នុងការ ធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័ត ការទូទាត់ចំណាយ លើប្រព័ន្ធឌីជីថល ក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្ម លក់រាយតូចៗផងដែរ។»

ប្រតិបត្តិការ ដែលត្រូវបានរំពឹងទុក នឹងត្រូវបានបញ្ចប់បន្ទាប់ ពីការបំពេញលក្ខន្តិកៈ ចាំបាច់មួយចំនួន ដែលតម្រូវតាមច្បាប់ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយ នៃការរួមបញ្ចូលគ្នា ពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិក របស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជន ដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យ បច្ចុប្បន្នរបស់ពួកគេ ទៅគណនី Pi Pay មុនពេលដំណើរការ សមាហរណកម្ម ត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែម លើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀត តាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

ការយល់ព្រម យ៉ាងឆាប់រហ័ស របស់ធនាគារជាតិកម្ពុជា ក៍ពិតជាជំនួយដ៏ធំមួយដែរ ក្នុងការពង្រឹងនូវភាព ជាអ្នកដឹកនាំ ផ្នែកទូទាត់ការចំណាយ លើប្រព័ន្ធឌីជីថល របស់ក្រុមហ៊ុន Pi Pay ក្រោយសមាហរណកម្មនេះ បានបញ្ចប់។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះ ត្រូវបានគេមើលឃើញថា ស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់ នៃការពង្រឹងផលប័ត្រអាជីវកម្ម ឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយក គំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗ សម្រាប់អតិថិជនរាប់លាននាក់របស់ យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់ របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្ត ក្នុងកំឡុងពេលប្រតិបត្តិការ ផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំ នៃការបញ្ចប់ប្រតិបត្តិការ ជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពល ដ៏ធំធេងនេះក្នុងការជម្រុញ បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាសង្គមឌីជីថល នៅកម្ពុជាផងដែរ។»

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុន ភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរក ប្រាក់ចំណូល កាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំង ក្នុងការរកប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធទូទាត់ ការចំណាយរឹងមាំ និងសំខាន់បំផុត គឺការបង្កើនធនធាន ដើម្បីទប់ទល់បញ្ហា ប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈម នាពេលអនាគត ក្នុងបរិយាកាសទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថា នឹងកាន់តែមានប្រសិទ្ធិភាព និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមាន របស់កម្មវិធីទូរស័ព្វ ដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារ ដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំ របស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com។ទាំងក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលមានការធ្វើបច្ចុប្បន្នភាព៕

To Top