អត្ថបទ

Vietjet បើកជើងហោះហើរថៃ​ ក្នុងស្រុកថ្មីបន្ថែម ៥ជើង និងបើក ដំណើរការឡើងវិញ នូវជើងហោះហើរទៅ ភូកេត

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាស បើកដំណើរការជើងហោះហើរថៃ ក្នុងស្រុកថ្មីបន្ថែមចំនួន៥ជើង ដោយចាប់ផ្ដើម​​ ពីថ្ងៃទី១៥ មិថុនា ២០២០នេះតទៅ។

ជើងហោះហើរថ្មីៗទាំងនេះ នឹងតភ្ជាប់ទីក្រុងបាងកក (អាកាសយានដ្ឋាន សុវណ្ណភូមិ) ជាមួយនឹងតំបន់ទេសចរណ៍ វប្បធម៌ល្បីៗជាច្រើន នៅប្រទេសថៃ ដូចជា ក្រុងហាត់យ៉ៃ ខេត្តខុនកែន ខេត្តណាខនស៊ីថាំម៉ារ៉ាត់ ខេត្តអ៊ូប៊ុនរ៉ាឆាថានី និងខេត្តស៊ូរ៉ាត់ថានី។

ជើងហោះហើរថ្មីទាំង៥នេះ នាំឱ្យក្រុមហ៊ុន Vietjet មានជើងហោះហើរថៃ ក្នុងស្រុកសរុបចំនួន ១២ខ្សែ សម្រាប់តភ្ជាប់ទិសដៅ ហោះហើរចំនួន១១កន្លែង ក្នុងប្រទេសថៃ។ បច្ចុប្បន្ន អ្នកដំណើរអាច ហោះហើរទៅកាន់ទីតាំងល្បីៗ នៅប្រទេសថៃ បានតាមរយៈក្រុមហ៊ុន Vietjet ព្រមទាំងរីករាយ នឹងជើងហោះហើរ វៀតណាម ក្នុងស្រុក៨ខ្សែ ដែលទើបបើកដំណើរ ការកាលពីពេលថ្មីៗនេះផងដែរ។

ជាការចូលរួមអបអរសាទរ ដល់ការបើកដំណើរការ ជើងហោះហើរថ្មីនេះ ក្រុមហ៊ុនមានផ្ដល់ជូន អ្នកដំណើរ នូវប្រូម៉ូសិនពិសេស គឺការលក់សំបុត្រ ជាង៥សែនសន្លឹក ក្នុងតម្លៃត្រឹមតែចាប់ពី ១៦សេន (មិនរួមបញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ក្នុងមួយសន្លឹក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៩ មិថុនា ២០២០ ពីចន្លោះម៉ោង ១២:០០ ដល់ ម៉ោង ១៤:០០ នៅលើគេហទំព័រ www.vietjetair.com ។

ប្រូម៉ូសិនសំបុត្រនេះ គឺសម្រាប់ការហោះហើរ ចាប់ពីថ្ងៃទី១ កក្កដា រហូតដល់ដំណាច់ខែធ្នូ ២០២០ និងមានសុពលភាពស ម្រាប់ជើងហោះហើរថៃ ក្នុងស្រុកទាំងអស់ រួមទាំងជើងហោះហើរថ្មីផងដែរ។

ដើម្បីបន្ថែមភាពទាក់ទាញបន្ថែម ទៅលើប្រូម៉ូសិននេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ ក៏នឹងរៀបចំកម្មវិធីចាប់ឆ្នោត ផ្សងសំណាងយករង្វាន់ “ការហោះហើរ ដោយឥតគិតថ្លៃ រយៈពេល៥ខែ ជាមួយក្រុមហ៊ុន Vietjet ប្រទេសថៃ” សម្រាប់អតិថិជនទាំងអស់ ដែលកក់សំបុត្រយន្ដហោះ នៅលើគេហទំព័រប្រូម៉ូសិន https://skyfun.vietjetair.com/

ក្រុមហ៊ុន Vietjet ក៏ជាក្រុមហ៊ុន អាកាសចរណ៍ដំបូងគេ ដែលបើកការហោះហើរ សារជាថ្មី ទៅកាន់អាកាសយានដ្ឋាន ភូកេត ផងដែរ។ បន្ទាប់ពី អាជ្ញាធរ អាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាស បើកដំណើរការឡើងវិញ នូវជើងហោះហើរ ក្នុងស្រុក នៅអាកាសយានដ្ឋាន ភូកេត ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២០ មក ក្រុមហ៊ុន Vietjet ប្រទេសថៃ បានក្លាយជា ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ ដែលបានបញ្ជាក់ថា ខ្លួននឹងបើកដំណើរការ ជើងហោះហើរ របស់ខ្លួនឡើងវិញ រវាងអាកាសយានដ្ឋាន សុវណ្ណភូមិទីក្រុងបាងកក និង អាកាសយានដ្ឋាន ភូកេត។

បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រទេសថៃ កំពុងបើកដំណើរការ ជើងហោះហើរក្នុងស្រុក ប្រទេសថៃ ជាច្រើនខ្សែ ដូចជារវាង បាងកក ទៅ ឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាពិ និងអ៊ូដុនថានី។ ហើយអ្នកដំណើរទាំងឡាយ ត្រូវបានណែនាំ ឱ្យអនុវត្តតាមបទបញ្ញត្តិ និង វិធានការផ្សេងៗ មុននឹងមកដល់គោលដៅចុះចត ដើម្បីជួយសម្រួល ឱ្យការបំពេញបែបបទ ចូលកាន់តែមានភាពរលូន។

ក្រុមហ៊ុន Vietjet ក៏បន្តពង្រីកពេលវេលា ហោះហើរ និងជើងហោះហើរថ្មីៗ បន្ថែមផងដែរ ដើម្បីឆ្លើយតបទៅនឹង កំណើនតម្រូវការទីផ្សារ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ បានផ្ដល់សេវាហោះហើរ ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ ជូនដល់បុគ្គលិក សុខាភិបាលជួរមុខផងដែរ ដែលរួមមានដូចជា សមាជិកគ្រប់រូប នៃគណៈកម្មការទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ ប្រទេសថៃ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា គ្រប់រូបមកពីមន្ទីរពេទ្យ ទាំង១៦០ នៅប្រទេសថៃ ដែលត្រូវបានចាត់តាំង ឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ជូនសេវា ហោះហើរនេះ គឺក្នុងន័យថ្លែងអំណរគុណ ដល់វីរៈជនទាំងនោះ ដែលបានលះបង់ កម្លាំងកាយចិត្ត ដើម្បីព្យាបាល និងទប់ស្កាត់ការរាតត្បាតនេះ។

ក្រុមហ៊ុន Vietjet តែងគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍សុវត្ថិភាព និងសុខភាព ដែលមាននាពេលបច្ចុប្បន្ន រួមមានដូចជាការវាស់កម្ដៅ អ្នកដំណើរ និងបុគ្គលិកយន្ដហោះ ការរក្សាគម្លាតពីគ្នា នៅក្នុងអាកាសយានដ្ឋាន និងនៅលើយន្ដហោះជាដើម។ អ្នកដំណើរ ក៏តម្រូវឱ្យពាក់ម៉ាស់ ការពារជាប់ជាប្រចាំ ក្នុងអំឡុងពេលហោះហើរ ផងដែរ៕

To Top