ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រកាសនូវការដាក់បញ្ចូល ផ្នែកគំនូរឌីជីថលថ្មី (Digital Arts Category) ទៅក្នុងកម្មវិធី ប្រឡងស្នាដៃសិល្បៈ (Kbach Arts Competition) ដែលជាកម្មវិធីមួយ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកសិល្បៈករ មានទេពកោសល្យ លេចធ្លោថ្មីៗ នៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនសែលកាត និង Kbach Arts បានបើកដំណើរការ កម្មវិធីប្រឡងប្រចាំឆ្នាំ ២០២០ នេះជាផ្លូវការ បន្ទាប់ពីបានពន្យារពេលមួយរយៈ ដោយសារបញ្ហាជម្ងឺរាតត្បាត។ សិល្បករដែលមាន ចំណាប់អារម្មណ៍ទាំងអស់ អាចដាក់ពាក្យចូលរួម ប្រឡងបាន ពោលគឺកម្មវិធី ចាប់ទទួលពាក្យ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
ព្រឹត្តិការណ៍បើកសម្ពោធ កម្មវិធីប្រឡងនេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋាន Hops Brewery ទីក្រុងភ្នំពេញ ដោយមានរៀបចំ នូវការបង្ហាញផ្ទាល់ នៃស្នាដៃបង្កើតសិល្បៈ ឌីជីថល ក៏ដូចជាការផ្តល់ជូន នូវបទពិសោធន៍ទស្សនា Virtual និង Augmented Reality អមដោយការបង្ហាញ ស្នាដៃសិល្បៈប្រពៃណី និងការសម្តែងផ្ទាល់ របស់DJ ផងដែរ។
កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញសិល្បករ មកចុះឈ្មោះចូលរួមប្រឡង កាន់តែកុះករច្រើនជាងឆ្នាំមុន ដល់ទៅរាប់រយនាក់ ព្រោះថាផ្នែកគំនូរឌីជីថល អនុញ្ញាតឱ្យសិល្បករ អាចបង្កើតនិងផ្ញើស្នាដៃគំនូរ របស់ពួកគេមកចូលរួម ប្រឡងបាន តាមរយៈប្រព័ន្ធអនឡាញ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ប្រជាពលរដ្ឋយើង បានងាកទៅប្រើប្រាស់ ប្រព័ន្ធអនឡាញ សម្រាប់ជួយដល់ ការរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ពោលគឺបានជម្រុញ ឱ្យក្រុមការងាររបស់លោក សម្រេចចិត្តធ្វើដូចគ្នានេះដែរ ចំពោះការប្រឡងសិល្បៈគំនូរ។
“ការដាក់បញ្ចូលផ្នែកគំនូរឌីជីថល បានជម្រុញទឹកចិត្តសិល្បករយើង ឱ្យចេះស្វែងយល់ នូវបច្ចេកវិទ្យាថ្មីៗ និងគោលគំនិតនៃសិល្បៈគំនូរ ក៏ដូចជាអនុញ្ញាត ឱ្យសិល្បករនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា អាចចូលរួមជាផ្នែកមួយ នៃសហគមន៍សិល្បៈខ្មែរ ផងដែរ។
យើងចង់បានផ្នែកមួយ ដែលសក្តិសមជាមួយនឹងយុវជន សម័យបច្ចេកវិទ្យាឌីជីថល ព្រោះយើងមើលឃើញថា វាកំពុងមានការកើនឡើង ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
“តាមរយៈសិល្បៈគំនូរនេះ យើងនឹងមានឱកាសច្រើន អាចមើលឃើញ នូវគំនិតច្នៃប្រឌិត និងនុវានុវត្តន៍ លេចចេញមកទន្ទឹមគ្នាតាមបែបថ្មី ហើយយើងពិតជា មានអារម្មណ៍រំភើបរីករាយ ក្នុងការរងចាំមើល នូវលទ្ធផល ដែលនឹងបង្ហាញចេញមក”។
លោក Tony Francis ម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិក Kbach Arts បានមានប្រសាសន៍ ឱ្យដឹងថា លោកពិតជា មានក្តីរីករាយ ឥតឧបមា ដែលបានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត ដើម្បីណែនាំកម្មវិធីប្រឡងនេះ ទៅកាន់បណ្តា អ្នកគាំទ្រថ្មីៗបន្ថែមទៀត។
“ក្រុមហ៊ុនសែលកាត និង Kbach Arts មានលក្ខណៈសម្បត្តិ ច្រើនយ៉ាងណាស់ ដែលដូចគ្នា ហើយយើងជឿជាក់ ថា ក្រុមហ៊ុនយើងទាំងពីរ នឹងអាចរួមគ្នាបង្កើត នូវឱកាសថ្មីៗ ជូនដល់សិល្បករខ្មែរយើង ដើម្បីស្វែងយល់ បង្ហាញស្នាដៃ និងពង្រឹងអាជីព របស់ពួកគាត់ តាមរបៀបថ្មី”។
“Kbach Arts យើងគឺផ្តោតទៅលើការស្វែងរក និងការបណ្តុះសិល្បករ ដែលមានទេពកោសល្យ តាមរយៈកម្មវិធីនានារបស់យើង ដើម្បីជួយឱ្យសិល្បករ កំពូលៗទាំងនោះ ទទួលបានការទាក់ទាញ ចំណាប់អារម្មណ៍ នៅលើឆាកអន្តរជាតិ បទពិសោធន៍ល្អៗ និងការចង្អុលបង្ហាញ ដែលត្រឹមត្រូវផងដែរ។
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួម ពីគ្រប់បណ្តាខេត្តក្រុងទាំងអស់ ក្នុងឆ្នាំនេះ សែលកាត រួមជាមួយ Kbach Arts នឹងរៀបចំកម្មវិធីសិក្ខាសាលា តាមអនឡាញ ពិសេសមួយ ជូនដល់សិល្បករទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការស្វែងយល់លម្អិត និងទទួលបានព័ត៌មាន បន្ថែមអំពីកម្មវិធីប្រឡងនេះ។
មកទល់បច្ចុប្បន្ននេះ យើងមានកំពូលសិល្បករ ៣ រូប បានបញ្ជាក់នូវវត្តមាន ចូលរួមរបស់ពួកគាត់ ដោយក្នុងនោះរួមមានលោក Hour Soben, Rodrigo Garzon និង Yean Sokheng ហើយទន្ទឹមនឹងនោះ ក៏នៅមានសិល្បករ ជាច្រើនរូបទៀត ដែលនឹងចូលរួម នៅក្នុងអំឡុងនៃការ បើកដំណើរការកម្មវិធីផងដែរ។
សម្រាប់ព័ត៌មានបន្ថែម អំពីការប្រឡង និងបែបបទក្នុងការចូលរួម សូមចូល Follow ទំព័រហ្វេសប៊ុកផ្លូវការ របស់ Kbach Arts https://www.facebook.com/KBachArts