អត្ថបទ

កម្មវិធីអក្ខរកម្ម​ ឌីជីថល របស់ក្រុមហ៊ុន Smart Axiata ទទួលពានរង្វាន់ ផ្នែកពង្រឹង សិទ្ធិអំណាចសង្គម

ភ្នំពេញ, ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០៖ កម្មវិធីសាកល្បង ស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ អ៊ិនធឺណិត របស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹង ផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត ដល់សិស្សវិទ្យាល័យកម្ពុជា ចំនួន ១.៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរ កាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួលខុសត្រូវ ប្រចាំអាស៊ី) ផ្នែកពង្រឹងសិទ្ធិអំណាចសង្គម ពីអង្គការ Enterprise Asia ។

Enterprise Asia គឺជាអង្គការ មិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍ សហគ្រិនភាព នៅក្នុងតំបន់អាស៊ី ដោយមើលឃើញថា សហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយ ចីរភាព និងភាពជឿនលឿន។

ចាប់តាំងពីពានរង្វាន់នេះ ត្រូវបានប្រគល់ជាលើកដំបូង នៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterpriseនេះ បានក្លាយជាពានរង្វាន់ កិតិ្តយសឈានមុខគេ សម្រាប់ក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ ផ្នែកសង្គម ទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ ចំពោះក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការ អាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពល វិជ្ជមានដល់សង្គម។

កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអ៊ិនធឺណិត លំដាប់ពិភពលោក Google និងសមាគម GSMA ដែលជាសមាគមពាណិជ្ជកម្ម ពិភពលោក សម្រាប់ប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត។

ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាល ជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់ នៃលេខសំងាត់ ការគំរាមកំហែង តាមអ៊ិនធឺណិត និងភាពជាពលរដ្ឋឌីជីថល។

កម្មវិធីនេះក៏បានបញ្ចូល វគ្គសិក្ខាសាលាបណ្ដុះបណ្ដាល លើការបង្កើតវីដេអូ មានគុណភាពខ្ពស់ សម្រាប់បង្ហោះតាមអ៊ិនធឺណិត ហើយវីដេអូ ដែលបង្កើតឡើយ ដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយកទៅចូលរួម ក្នុងកម្មវិធីប្រកួតមួយ ដែលជ័យលាភីទទួលបាន រង្វាន់សាច់ប្រាក់ សម្រាប់សាលារបស់ពួកគេ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពានរង្វាន់នេះ គឺជាការទទួលស្គាល់ មកលើកម្មវិធីនេះ ហើយយើងអាចនិយាយ ដោយក្ដីរីករាយផងដែរថា ការទទួលពានរង្វាន់នេះ ក៏ជាជោគជ័យដ៏អស្ចារ្យមួយ សម្រាប់ក្រសួង និងសាលារៀននានា ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះ បន្តទៅទៀត ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្ស នៅតាមវិទ្យាល័យចំនួន ៩ សាលា ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺកូវីដ១៩ បានធូរស្រាលឡើង។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ជំងឺរាតត្បាតសកល វីរុសកូរ៉ូណា បានបង្រៀនយើង ជាងពេលផ្សេងៗទៀត អំពីសារៈសំខាន់ នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្ស ដែលត្រូវការប្រើប្រាស់ អ៊ិនធឺណិត ក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេល ដែលសាលារៀនត្រូវបានបិទ កាលពីដើមឆ្នាំដូចដែល យើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យសិស្សានុស្សិស្សខ្មែរ កាន់តែច្រើនថែមទៀត អាចប្រើជំនាញ អក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែវាគឺជាការ ចាំបាច់ណាស់ដែរ ដែលពួកគេ ទទួលបានការបង្រៀន ឲ្យស្គាល់ពីអត្ថប្រយោជន៍ផង ក៏ដូចជាកង្វល់ ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេ ប្រើប្រាស់អ៊ិនធឺណិត។»

កម្មវិធីអក្ខរកម្មឌីជីថលនេះ គឺជាកម្មវិធីមួយក្នុងចំណោម កម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណង ក្លាយជាជើងឯកឌីជីថល របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអប់រំជីថល ដូចជា កម្មវិធីអាហារូបករណ៍ SmartEdu កម្មវិធីអភិវឌ្ឍន៍ និស្សិតសាកលវិទ្យាល័យ SmartEdu និងកម្មវិធីជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

To Top
×