អត្ថបទ

ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុង ចង់បាន ការរចនាផ្ទះ ដែលគិតគូរ ពីតម្រូវការ អ្នករស់នៅ ជាចម្បង សម្រាប់ “លំនៅដ្ឋាន នាពេលអនាគត”

ភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០៖ ប្រជាពលរដ្ឋរស់នៅ​ រាជធានីភ្នំពេញ ជាងពាក់កណ្ដាល ចំណាយពេលភាគច្រើន នៅក្នុងបន្ទប់គេង ក្នុងគេហដ្ឋានរបស់ខ្លួន ដោយសារតែកង្វះទីធ្លា និង ឯកជនភាព នៅបន្ទប់ទទួលភ្ញៀវ ហើយនេះក៏ដោយសារតែ ប្រជាជន ៨០% ដែលរស់នៅ ក្នុងផ្ទះវីឡា កូនកាត់ (Link house) ផ្ទះអាជីវកម្ម ឬផ្ទះល្វែងជាដើម ចតរថយន្ត ឬម៉ូតូរបស់ខ្លួន នៅខាងក្នុង គេហដ្ឋាន ។

នេះបើយោងតាម ការចេញផ្សាយការសិក្សា ដែលបានបោះពុម្ពផ្សាយ នៅថ្ងៃនេះ ដោយក្រុមហ៊ុន Urbanland ជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកឈានមុខគេមួយ។

ការចេញផ្សាយការសិក្សាមួយ ដែលមានចំណងជើងថា “លំនៅដ្ឋាននា ពេលអនាគត” (The Future of Home) គឺជាលទ្ធផលដែលកើតចេញ ពីការសិក្សាស្រាវជ្រាវ ការអង្កេតស៊ីជម្រៅ និងការសិក្សា លើក្រុមគោលដៅ រយៈពេល ១០ ខែ ដែលមានការចូលរួម ពីប្រជាពលរដ្ឋចំនួន ១៧០ នាក់ ហើយត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Urbanland ក្នុងគោលបំណងស្វែង យល់អំពីការប្រែប្រួល នៃរបៀបរស់នៅ របស់ប្រជាជនក្នុងទីក្រុង ជាពិសេសក្រុមពលរដ្ឋ ដែលនៅក្នុងការសិក្សានេះ ត្រូវបានចាត់ទុកថាជាក្រុម ដែលមានសេចក្ដីប្រាថ្នាខ្ពស់ ក្នុងជីវិត (‘aspirational’ city dwellers)។

ការចេញផ្សាយ ការសិក្សានោះពន្យល់ថា៖ “សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមាន សេចក្ដីប្រាថ្នាខ្ពស់នោះ គឺយើងចង់ សំដៅទៅលើប្រជាជន កម្រិតជីវភាពមធ្យម ដែលមានចំនួន កាន់តែច្រើនឡើង ទទួលបានការអប់រំកាន់តែខ្ពស់ ជ្រាបព័ត៌មាន កាន់តែច្រើន មានគោលដៅ ក្នុងជីវិតច្បាស់លាស់ មានការតាំងចិត្ត និងការប្ដេជ្ញា ក្នុងការលើកកម្ពស់ ជីវិតរស់នៅរបស់ខ្លួន និងអ្នកដទៃ”។

ក្រុមហ៊ុន Urbanland បាននិយាយថា ការសិក្សាស្រាវជ្រាវ គឺយកលំនាំតាមការ សិក្សាស្រាវជ្រាវ ស្រដៀងគ្នា របស់ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនយក្ស ដែលផ្គត់ផ្គង់សម្ភារៈ និងគ្រឿងសង្ហារឹម សម្រាប់លំនៅដ្ឋាន របស់ប្រទេសស៊ុយអែត ក្រោមចំណងជើងថា “ជីវិតនៅក្នុងគេហដ្ឋាន” (Life at Home) ដែលត្រូវបាន បោះពុម្ពផ្សាយ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក។

៨០% នៃអ្នកស្ម័គ្រចិត្តចូលរួម នៅក្នុងការសិក្សាស្រាវជ្រាវ បាននិយាយថា សន្តិសុខគឺជាកត្តាសំខាន់មួយ ក្នុងការពិចារណាមុនពេល សម្រេចចិត្តទិញផ្ទះរបស់ខ្លួន ហើយ ៥០% លើកឡើងពីបញ្ហានានា ទាក់ទងនឹងសំឡេងរំខាន បញ្ហាអនាម័យ ចំណតយានយន្ត និងទំនាស់ រវាងអ្នកជិតខាងជាដើម។

៨៤% នៃអ្នកស្ម័គ្រចិត្តចូលរួម នៅក្នុងការសិក្សាស្រាវជ្រាវ បាននិយាយថា ជាទូទៅ ពួកគេតែងយកការងារ មកធ្វើនៅផ្ទះជាប្រចាំ ប៉ុន្តែក្នុងនោះ មានប្រមាណ ១០% ប៉ុណ្ណោះ ដែលនិយាយថា ពួកគេមានទីកន្លែង សម្រាប់ធ្វើការត្រឹមត្រូវ នៅផ្ទះ ដែលក្នុងនោះភាគច្រើន ធ្វើការពីក្នុងបន្ទប់គេង ឬនៅបន្ទប់ទទួលភ្ញៀវ ដែលធ្វើឲ្យការងារ មានផលិតភាពទាប ដោយសារកង្វះខាត ការផ្ចង់អារម្មណ៍ ព្រោះគ្រួសារ មានភាពអ៊ូអរ និងមមាញឹក។

បើនិយាយពីការជ្រើសរើស លំនៅដ្ឋានវិញ គុណភាពនៃការរចនាផ្ទះគឺជាកត្តា “សំខាន់ខ្លាំង” សម្រាប់ មនុស្ស ៧៥% ដែលបានចូលរួមការសិក្សា ហើយក្នុងនោះ មានការយល់ឃើញថា គម្រោងអភិវឌ្ឍ លំនៅដ្ឋានថ្មីៗជាច្រើន ក្នុងប្រទេសកម្ពុជា ភាគច្រើនផ្ដោតសំខាន់ តែលើការរចនាខាងក្រៅ (exterior design) ដើម្បីប្រណីតភាព ប៉ុន្តែខ្វះការគិតគូរ លើការរចនាលំនៅដ្ឋាន ឲ្យស្របតាមតម្រូវការ និងការប្រើប្រាស់ជាក់ស្ដែង។

ការចេញផ្សាយ ការសិក្សាបានសរសេរថា៖ “ការរចនាលំនៅដ្ឋាន ដែលមានគុណភាព មិនមែនគ្រាន់តែគិតគូរ ត្រឹមថាតើលំនៅដ្ឋាននោះ ត្រូវបានសាងសង់ឲ្យរឹងមាំប៉ុណ្ណា ទីធ្លាធំប៉ុណ្ណា សម្ភារសំណង់ថ្លៃ និងកម្រប៉ុណ្ណា ហើយវាមានសោភ័ណភាព ស្រស់ស្អាតប៉ុណ្ណានោះទេ ប៉ុន្តែត្រូវគិតថាតើ គុណភាពនៃការរចនាម៉ូតទាំងនេះ បំពេញទៅតាមតម្រូវការ និងរបៀបរបបរស់នៅជាក់ស្ដែង របស់ម្ចាស់លំនៅដ្ឋាន បានប៉ុណ្ណាដែរ”។

លោក ហុក កាំង ជាស្ថាបត្យករកម្ពុជា និងជានាយកក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនេះ បានជួយអោយក្រុមហ៊ុនទទួលបាន នូវគុណប្រយោជន៍ និង ព័ត៌មានយ៉ាងសំខាន់ ក្នុងការកែលម្អវិធីសាស្ត្រ និងពង្រឹងគុណភាព រចនារបស់ខ្លួន សម្រាប់គម្រោងផ្សេងៗ នាពេលខាងមុខ។

លោក ហុក កាំង ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើម ក្នុងវិស័យ អចលនទ្រព្យប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “មនុស្សជាច្រើន ដែលកើតក្នុង សម័យក្រោយសង្គ្រាម ដូចជារូបខ្ញុំ រស់ដឹងក្ដីដោយស្ថិតនៅ លំនៅដ្ឋាន ដែលមានភាពងងឹត និងកខ្វក់ ដែលពុំសូវមាន មានពន្លឺខាងក្នុងគ្រប់គ្រាន់ ពុំសូវមានខ្យល់ចេញចូល ហើយពុំសូវគិតគូរពីការរចនាផ្ទះ ដែលប្រកបដោយ គុណភាពឡើយ ។ ខ្ញុំគិតថា នៅសម័យនេះហើយ ពួកគេចង់បាន និងគួរទទួលបាន លំនៅដ្ឋាន ដែលប្រសើរជាងមុន ព្រោះសម្រាប់មនុស្សភាគច្រើន ការទិញផ្ទះគឺជា ការវិនិយោគធំបំផុត ក្នុងជីវិតរបស់ខ្លួន”។

លោក បានបន្តទៀតថា៖ “តាមរយៈការយកចិត្តទុកដាក់ ទៅលើតម្រូវការ របស់អ្នករស់នៅ និងរបៀបដែលយើង រចនាផ្ទះដើម្បីបំពេញតម្រូវការ ទាំងអស់នោះ យើងអាចប្រើប្រាស់ទិន្នន័យនេះ ដើម្បីបង្កើតនូវគេហដ្ឋាន ដែលមាន លក្ខណៈល្អប្រសើរ ជាងមុន ដើម្បីឆ្លើយតបទៅនឹង ការផ្លាស់ប្ដូរ នៃតម្រូវការ របស់គ្រួសារនីមួយៗ ស្របពេលដែលពួកគាត់ កំពុងមានភាពលូតលាស់ និងរីកចម្រើន”។

តាមរយៈគម្រោងអចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាបជាដើមនោះ ក្រុមហ៊ុន Urbanland បានបង្ហាញ ឲ្យឃើញពីគុណតម្លៃរបស់ខ្លួន រួចមកហើយ តាមរយៈការរចនា “ដែលយកចិត្តទុកដាក់ ពីតម្រូវការមនុស្សជាចម្បង” នៅក្នុងគម្រោងលំនៅដ្ឋាន ការិយាល័យ និងសណ្ឋាគារផ្សេងៗ។

យ៉ាងណាមិញ លោក ហុក កាំង មានប្រសាសន៍ថា គម្រោងខាងមុខ របស់ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ គឺជាវត្តមានជាក់ស្តែងបំផុត នៃការរចនាលំនៅដ្ឋាន ដែលយកចិត្តទុកដាក់ ពីតម្រូវការមនុស្សជាចម្បង (human-centred design) ។

លោក ហុក កាំង មានប្រសាសន៍ថា៖ “គម្រោងនេះ ជាគម្រោងអភិវឌ្ឍបុរីដែលមាន លក្ខណៈពិសេសខុសប្លែក ស្រឡះពីបុរីដទៃ។ ការរចនាផ្ទះខាងក្នុង មានមុខងារច្បាស់លាស់ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូរ របស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗ នៃផ្ទះអាចបម្លែង ពីបន្ទប់ទារក ទៅបន្ទប់ក្មេងលេង ទៅបន្ទប់ធ្វើការ ឬទៅជាទីកន្លែង ស្ងប់ស្ងាត់ សម្រាប់ឪពុកម្ដាយ ដែលមានវ័យចំណាស់ អាចគេងសម្រាកពេលថ្ងៃបាន”។

លោកបានបន្តទៀតថា៖ “ចំណែកឯទីធ្លាខាងក្រៅ យើងផ្ដោតលើការបង្កើត ទីធ្លាសហគមន៍ ដែលមាន ពណ៌បៃតង មានម្លប់ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់ បានពីសំណាក់មនុស្ស គ្រប់ជំនាន់នៅក្នុង សហគមន៍នោះ”។

លោកបន្ថែមទៀតថា៖ “យើងជឿជាក់ថា ការយកចិត្តទុកដាក់ លើតម្រូវការ របស់មនុស្សជាចម្បង នូវរាល់កិច្ចការដែលយើងធ្វើ នឹងជួយបង្កើនគុណភាព ជីវិតរស់នៅ របស់ពួកគេ ផ្ដល់លទ្ធភាពឲ្យគ្រប់គ្នា បានរស់នៅកាន់តែប្រសើរជាងមុន ហើយអាចសម្រេចបាន នូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះ មានសារសំខាន់ណាស់ សម្រាប់ពួកយើង ក៏ដូចជាអ្នកដទៃទៀត នៅក្នុងវិស័យ អភិវឌ្ឍលំនៅដ្ឋាន ដើម្បីចូលរួម ក្នុងការលើកកម្ពស់ ការរចនាលំនៅដ្ឋាន ការិយាល័យ និងកន្លែងផ្សេងទៀត ដែលពិតជាបានយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយលើតម្រូវការ របស់មនុស្ស”។

សម្រាប់អ្នកដែលចាប់អារម្មណ ចង់ស្វែងយល់បន្ថែមអំពី ការចេញផ្សាយការសិក្សា ដែលមានចំណងជើងថា៖ “លំនៅដ្ឋាននាពេលអនាគត” សូមចូលទៅគេហទំព័រ (https://urbanlandasia.com/the-future-of-home) ហើយទាញយក មកប្រើប្រាស់ ដោយឥតគិតថ្លៃ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×