អត្ថបទ

កម្មវិធីពង្រឹង អាជីវកម្ម សម្រាប់អាជីវកម្ម ខ្នាតតូច និងមធ្យម ជួយសហគ្រិន រងផលប៉ះពាល់ ពីជំងឺកូវីដ១៩ បានសម្ពោធ ក្រោមការឧបត្តម្ភ របស់មូលនិធិ ទឹកប្រាក់ ១លានដុល្លារ របស់ Smart Axiata

ភ្នំពេញ-១ ខែតុលា ឆ្នាំ២០២០៖ ដើម្បីជួយគាំទ្រ ដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការ កម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះ បានទទួលជំនួយ ពីមូលនិធិ ទឹកប្រាក់ចំនួន ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩។  

កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើង ដោយជំងឺរាតត្បាតសកល កូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេស សម្រាប់អ្នកដឹកនាំ អាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្ម របស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។ 

អំឡុងពេល នៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រ អំពីរបៀបវាយតម្លៃ នៃប្រតិបត្ដិការអាជីវកម្ម នាពេលបច្ចុប្បន្ន របស់ពួកគេដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀន អំពីវិធីផ្សេងៗ ដើម្បីទទួលបាន មូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងវិធីកែលម្អផែនការ ហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ឲ្យសាកសម នឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើ គេហទំព័ររបស់ Impact Hub ហើយសហគ្រិន អាចចូលមើលខ្លឹមសារ មេរៀនបានគ្រប់ពេល ដោយឲ្យគិតថ្លៃ។  

កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh  មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹង ដល់សហគ្រិន នៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត សកលកូវីដ១៩។» 

ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើល វគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនា តាមអនឡាញប្រចាំខែ ជាមួយសហគ្រិន ដទៃទៀតផងដែរ។ ពួកគេក៏អាច ចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពី ជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញ នឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួម ដែលទទួលបាន ជោគជ័យទាំងអស់ នឹងទទួលបាន វិញ្ញាបនប័ត្រ នៅចុងបញ្ចប់ នៃវគ្គសិក្សា។ 

កញ្ញា Olivia Hough បន្ថែមទៀតថា ៖ «យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Spring Activator ជាក្រុមហ៊ុនកាណាដា ដែលគាំទ្រ ដល់អាជីវកម្ម ទើបបង្កើតថ្មី និងមានបទពិសោធន៍ ក្នុងការឆ្លងកាត់ វិបត្តិសេដ្ឋកិច្ច ចំនួន ៣ លើក ដែលនេះហើយ ជាកត្តាធ្វើឲ្យក្រុមហ៊ុន មានបទពិសោធន៍ ដោយផ្ទាល់ ក្នុងការដឹកនាំ អាជីវកម្មឆ្លងកាត់ ពេលវេលាលំបាក នៃភាពមិនប្រាកដប្រជា និងហានិភ័យ 

យើងបានដាក់បញ្ជូល ការសិក្សា និងបកប្រែខ្លឹមសារ ដើម្បីឲ្យសាកសម នឹងបរិបទសង្គម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។»   

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់ជំនួយមូលនិធិ ដល់គម្រោងចំនួន ១១ផ្សេងៗគ្នា តាមរយៈ មូលនិធិ ប្រឆាំងវីរុសកូវីដ១៩ ដែលក្នុងចំណោម គម្រោងនោះ គឺផ្តោតលើសកម្មភាព ផ្សេងៗដូចជា ការអប់រំពីចម្ងាយ ការរក្សាអនាម័យផ្ទាល់ខ្លួន បរិក្ខារការពារខ្លួន សម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្នែកជំនួយហិរញ្ញវត្ថុ សម្រាប់សហគ្រិន។ 

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « យើងមានមោទនភាពណាស់ ដែលបានគាំទ្រ ដល់កម្មវិធីពង្រឹងអាជីវកម្ម របស់ Impact Hub។ ការជោគជ័យ របស់អាជីវកម្មទើបបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីកសាងសេដ្ឋកិច្ច ឲ្យរឹងមាំ ជាពិសេស ក្នុងអំឡុងពេល ដែលអាជីវកម្ម កំពុងប្រឈមនឹង បញ្ហាធ្ងន់ធ្ងរ ដូចជា ការផ្លាស់ផ្ដូរក្នុងទីផ្សារ ការបាត់បង់ អតិថិជន និងបញ្ចូលសកម្មភាព ទៅអនឡាញ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top