អត្ថបទ

ក្រុមហ៊ុន RMA Cambodia ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)

[ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុងការ បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ ដែលមានទីតាំងស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ភូមិស្រែរាចាស់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យ ធនធានមនុស្សនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស រថយន្ត ហ្វដ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសរថយន្ត ហ្វដ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត ជាពិសេសទៀតនោះប្អូនៗនិស្សិតថែមទាំងអាចមានឱកាស មកចូលបម្រើការក្នុងក្រុមហ៊ុន អ អិម អេ ផងដែរ។”

លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសរថយន្ត ហ្វដ នេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំង ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)។

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាពទំនើបនៃ បច្ចេកវិទ្យាដែលមានបំពាក់នៅលើរថយន្ត ហ្វដ ហើយថ្ងៃនេះដែរក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ដែលនេះជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់ពីចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗនៃរថយន្ត។” លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ ដែលបានចំណាយធនធានយ៉ាងច្រើនក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាង ធនធានមនុស្សនៅកម្ពុជាផងដែរ ហើយលោកក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាពទាំងនេះ ជូនដល់សង្គមបន្ថែមទៀត។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា “វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជាមួយឆ្នាំៗ មានសិស្សចូលរៀនប្រមាណរាប់ពាន់នាក់ ប៉ុន្តែនៅក្នុងមុខជំនាញបច្ចេកទេស ឬបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហាក់បីដូចជានៅមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ ដូច្នេះខ្ញុំជឿជាក់ថាតាមរយៈ ការដាក់ឲ្យដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសរថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើតនូវ ធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ ”

ក្រៅពីការវិនិយោគទៅលើការ បណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ ជាពិសេសសកម្មភាពសប្បុរសធម៍សំខាន់ៗគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ នោះគឺ ការចូលជាមូលនិធិដល់កាកបាទក្រហមកម្ពុជា ការចូលជាមូលនិធិដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺ Covid-19 ការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនាន់ ក្នុងខេត្តកំពង់ស្ពឺដែលយើងបានប្រើប្រាស់រថយន្ត Ford Pick Up ផ្ទាល់ក្នុងការដឹកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ផងដែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។

លើសពីនេះទៅទៀតក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងក្នុងឆ្នាំ ២០១៩។ កាលពីខែ សីហា ឆ្នាំ២០២០ក្រុមហ៊ុន អ អិម អេ បានប្រគល់ជូនវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែមទៀត។ ក្នុងឆ្នាំ ២០២១ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះ ដដែលនោះគឺបន្តប្រគល់នូវរថយន្ត Ford Pick up ៦ គ្រឿងជូនវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿងដែលបានប្រគល់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។ ដូចនេះចំនួនរថយន្ត Ford Ranger Wildtrak ដែលត្រូវប្រគល់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២១ នេះមានចំនួនសរុបរហូតដល់ទៅ ១១ គ្រឿង។

To Top