អត្ថបទ

ខ្មែរ ប៊ែវើរីជីស បន្ថែមការឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ​ជូន ដល់កម្លាំងចម្រុះ បន្ទាប់ពីមាន ការបន្តការបិទខ្ទប់

បន្ទាប់ពីរដ្ឋាភិបាល បានបន្តការបិទខ្ទ ប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល១សប្តាហ៍ទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងនោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបន្តឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាមនៅតាមគោលដៅ បិទខ្ទប់ចំនួន២០ទីតាំង ក្នុងរាជធានីភ្នំពេញ។

នេះជាការបរិច្ចាគបន្ថែម ទៅលើអំណោយជាង ២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូន គោលដៅបិទខ្ទប់ ជិត១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគនាពេលនេះ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងកាត់បន្ថយចំណាយ របស់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម យ៉ាងលំបាកមួយនេះ»។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕

To Top