អត្ថបទ

ការជួយសត្វអនាថា ជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រ​​​ នៃ​កម្មវិធីពាន់រង្វាន់ ពលរដ្ឋគំរូ Smart

ភ្នំពេញ-ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៖ ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិច ដែលមានឡូហ្គោជារូបដានជើងសត្វសុនក នៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមាឌធំ បានទាញម៉ូតូ ចាកចេញពីផ្ទះរបស់ខ្លួន សំដៅទៅជួយសង្គ្រោះសត្វ ដោយនាំយកឧបករណ៍មួយចំនួន ទៅតាមខ្លួនផងដែរ។

រាល់លើកនៅពេលយុវជនវ័យ ២២ឆ្នាំរូបនេះ ទទួលដំណឹងពីមិត្តភក្តិ អំពីសត្វអនាថាដូចជាឆ្កែនិងឆ្មា ឬនៅពេលគាត់ឃើញសត្វទាំងនោះ នៅតាមដងផ្លូវដែលត្រូវការ ការជួយសង្គ្រោះ គាត់តែងតែរូតរះ ធ្វើដំណើរចេញទៅ ដើម្បីជួយសង្គ្រោះពួកគេ។

គិតមកដល់ដើមឆ្នាំ២០២១ យុវជនរូបនេះបានសង្គ្រោះសត្វអនាថា តាមដងផ្លូវបានជាង ៣០០ក្បាលមកហើយ។ ដោយមើលឃើញ នូវទឹកចិត្តល្អបែបនេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹក សុនកល្បីឈ្មោះមួយរូប នៅកម្ពុជា បានសម្រេចចិត្តជ្រើសតាំង យុវជន ស៊ុន ធូធារ៉ា ឱ្យចូលរួមក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។

លោក រតនា បានថ្លែងថា៖ “គាត់ជាក្មេងដែលមានគំរូល្អ ចំណាយពេលវេលា របស់គាត់ទៅជួយសង្គ្រោះ សត្វអនាថា។ គាត់ជួយសត្វអស់ ពីសមត្ថភាពខ្លួនគាត់។ បើអ្នកផ្សេងមិនហ៊ាន ចំណាយពេលវេលា ទៅធ្វើការងារបែបនេះទេ។ ឃើញអញ្ចឹងហើយបានជាខ្ញុំ ជ្រើសតាំងគាត់ចូលក្នុងកម្មវិធីហ្នឹង”។

ការជ្រើសតាំងនេះ បានផ្តល់ឱកាស ដល់យុវជនរូបនេះឱ្យឈានបន្ត ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយ នឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបាន ឱកាសក្លាយជាជ័យលាភី ជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

យុវជន ស៊ុន ធូធារ៉ា ថ្លែងថា៖ “ថ្ងៃមួយ ខ្ញុំបានបាត់បង់សុនក របស់ខ្ញុំផ្ទាល់ គឺគាត់កើតមហារីកដោះ។ អញ្ចឹងទៅ ខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងជួយសត្វកាន់តែច្រើន តាមអ្វីដែលអាចធ្វើបាន”។

សន្យារបស់គាត់ បានលេចចេញជារូបរាង កាលពីចុងឆ្នាំ២០១៩ ដោយយុវជនរូបនេះ បានចាប់ផ្តើមជួយសង្គ្រោះសត្វអនាថា ក្រោយសម្រាកពីការជួយលក់ដូរ ឪពុកម្តាយរបស់គាត់ពេលល្ងាច នៅពេលទទួលបានដំណឹងថា មានសត្វដែលត្រូវ ជួយសង្គ្រោះ។

បន្ទាប់មក គាត់យកពួកគេ ទៅមន្ទីរពេទ្យសត្វផ្សេងៗ ដើម្បីសំអាតនិងលាងរបួស មុននឹងបង្ហោះរូបសត្វនោះ ដើម្បីស្វែងរកម្ចាស់ថ្មី លើហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះសត្វអនាថា) ដែលលោកបង្កើតឡើង ដើម្បីសង្គ្រោះសត្វអនាថា កាត់បន្ថយសត្វអនាថា បង្កើនអ្នកស្រលាញ់សត្វ​ អោយកាន់តែច្រើន និងជំរុញឱ្យមានច្បាប់សំរាប់សត្វ។

លោក ធារ៉ា បានបន្ថែមថា៖ “អ្វីដែលយើងធ្វើរាល់ថ្ងៃនេះ គឺជួយសត្វអនាថា ពីកន្លែងពិបាកទៅកន្លែងល្អ ពីមិនមានម្ចាស់ទៅមានម្ចាស់ ពីរូបរាងអាក្រក់ ដែលគេសឹងតែ ហៅថាជាឆ្កែឆ្កួត។ យើងជួយសង្គ្រោះគាត់ រហូតដល់គាត់មានម្ចាស់ថ្មី ដែលស្រលាញ់”។

ម្ចាស់ថ្មីទាំងនោះ ក៏រួមមានទាំងកញ្ញា ឡៅ ស្រីមាន ផងដែរ ដែលបានទទួល​ចិញ្ចឹមសុនកអនាថា មួយក្បាលពីលោក ធារ៉ា។ បន្ទាប់ពីយកមកចិញ្ចឹម សុនកនោះក៏បានបាត់ ហើយកញ្ញា​ បានពឹងពាក់លោក ធារ៉ា ម្តងទៀត ឱ្យជួយស្វែងរកសុនក នោះមកវិញ។

កញ្ញា ឡៅ ស្រីមាន បានថ្លែងថា៖ “ការជួយសង្គ្រោះសត្វរបស់គាត់ គឺជាអំពើល្អ ដោយសារថាខ្ញុំធ្លាប់ បាត់បង់សត្វចិញ្ចឹម (ឆ្កែ) ហើយធ្លាប់ឲ្យគាត់ ជួយស្វែងរកឲ្យ។ កាលណោះ រៀងយប់ដែរហើយ ខ្ទង់ម៉ោង៧ ឬ ៨ ហើយគាត់ ក៏បានមកជួយស្វែងរក សត្វចិញ្ចឹមរបស់ខ្ញុំ រហូតទាល់តែរកឃើញ”។

ជាអ្នកស្រលាញ់សត្វម្នាក់ទៀត កញ្ញា សម លីលី ដែលបានទទួល ចិញ្ចឹមសត្វអនាថា ពីលោក ធារ៉ា កាលពីពាក់កណ្ដាលឆ្នាំ២០២០ បានលើកទឹកចិត្ត ឲ្យសាធារណៈជន ចូលរួមសង្គ្រោះសត្វជាមួយលោកធារ៉ា។

កញ្ញា សម លីលី ថ្លែងថា៖ “យើងងាកមកមើលសង្គមយើងឥឡូវ នៅតាមផ្លូវឬនៅតាម គំនរសំរាមផ្សេងៗ មានសត្វអនាថា និងមានអង្គការជាច្រើន ព្យាយាមជួយគាត់ និងស្វែងរកម្ចាស់ថ្មី។ អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នា អ្នកដែលមានលទ្ធភាព គឺអាចនឹងចូលរួម សកម្មភាពជាមួយបង ធារ៉ា អាចនឹងជួយគាត់ ក្នុងការចិញ្ចឹមសុនក អនាថាហ្នឹង”។

ទាក់ទងនឹងថវិកា ដែលប្រើប្រាស់ក្នុងការចំណាយ លើការជួយសង្គ្រោះសត្វនេះ លោក ធារ៉ា បានរៃអង្គាស តាមរយៈទំព័រហ្វេសប៊ុក Stray Animal Rescue ដែលអ្នកចូលរួមបរិច្ឆាគ គឺជាអ្នកមានចិត្តស្រលាញ់ សត្វដូចគាត់ដែរ។

លោកបានថ្លែងថា ដរាបណាភ្នំពេញ នៅតែមានសត្វអនាថា តាមដងផ្លូវ លោកក៏នឹងបន្ត ជួយសង្គ្រោះពួកគេ តាមរយៈមធ្យោបាយ គ្រប់ប្រភេទ ដែលលោកអាចធ្វើបាន។

លោក ធារ៉ា បន្ថែមថា៖ “ផែនការបន្តបន្ទាប់ទៀត គឺយើងចង់ស្វែងរក អ្នកណាដែលគាត់មានបេះដូង ក្នុងការជួយសត្វដូចខ្ញុំ។ ហើយខ្ញុំចង់បើកជាហាង កាហ្វេសម្រាប់សត្វអនាថា។ បងៗអ្នកស្រលាញ់សត្វ គាត់អាចមកមើលសត្វអនាថាផង មកញុំាកាហ្វេផង”។

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរក ពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោង ធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹង នៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូ អំពីលោក ធារ៉ា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5tEV7uSFdQ/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top