អត្ថបទ

ទ្រូម៉ាន់នី ផ្តល់គ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋខ្វះខាត ក្នុងតំបន់រងផលប៉ះពាល់ខ្លាំង នៅស្ទឹងមានជ័យ

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត នៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ តាមរយៈការផ្តល់ ជាគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហម ក្នុងខណ្ឌនេះ ។

ក្រុមការងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមានបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន បានបរិច្ចាគគ្រឿងឧបភោគបរិភោគ រាប់រយកញ្ចប់ដល់ពលរដ្ឋ ដែលកំពុងខ្វះខាត នៅភូមិឬស្សី១ និងភូមិឬស្សី២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បន្ទាប់ពីសង្កាត់នេះ ត្រូវបានចាត់ចូលថា ជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុត នៅក្នុងវិធានការ បិទខ្ទប់ថ្មីៗនេះ របស់សាលារាជធានីភ្នំពេញ។

កញ្ចប់គ្រឿងឧបភោគបរិភោគទាំងនេះ ដែលរួមមានមី អង្ករ ត្រីខ ឆៃប៉ូវ និងទឹកត្រី ត្រូវបានប្រគល់ជូនមេភូមិ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា នៅសង្កាត់ស្ទឹងមានជ័យ៣។

ក្នុងពេលប្រគល់ ជូនអំណោយដល់មន្ត្រីមូលដ្ឋាន ក្នុងភូមិឬស្សី លោក សូវ៉ាត ដារីយាវិឆ នាយកប្រតិបត្តិ លក់ និងចែកចាយ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏លំបាក សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ក្នុងតំបន់ក្រហម។

ក្នុងនាមជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់ លើប្រជាពលរដ្ឋកម្ពុជាទាំងអស់ យើងប្តេជ្ញាចិត្តជួយ ដល់ពលរដ្ឋកម្ពុជា យើងដែលជួបប្រទះបញ្ហា ប្រឈមទាំងនេះ ដូច្នេះយើងទាំងអស់ គ្នាអាចហែលឆ្លងកាត់ ការរាតត្បាតរបស់ជំងឺ ដ៏កាចសាហាវនេះ” ។

សង្កាត់ស្ទឹងមានជ័យ៣ កាលពីខែមុនត្រូវបានចាត់ចូលថា ជាតំបន់ក្រហម នៅក្នុងវិធានការ របស់សាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់​ ការរីករាលដាល ជំងឺកូវីដ-១៩។ នៅដើមខែនេះ សាលារាជធានីភ្នំពេញ បានកែប្រែការបែងចែង តំបន់ដោយកាត់បន្ថយ ទំហំតំបន់បិទខ្ទប់។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា “យើងសាទរដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ-១៩ ហើយយើងចង់ឱ្យប្រាកដថា យើងក៏បានចូលរួមចំណែក ក្នុងកិច្ចប្រឹងប្រែងនេះផងដែរ នៅក្នុងពេលវេលាដ៏លំបាកនេះ។ ដូច្នេះហើយបាន ជាយើងសម្រេចចិត្ត ធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយដល់ពលរដ្ឋ ដែលស្ថិតក្នុងតំបន់ រងផលប៉ះពាល់ខ្លាំង”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជាដែលមិនទាន់ មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារ ដែលផ្តល់សេវា ដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។

ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវា និងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាម ទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។

ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

To Top