អត្ថបទ

ទ្រូម៉ាន់នី និង អម្រឹត សហការផ្តល់ជូន ប្រូម៉ូសិនថ្មី ជាមួយនឹងឱកាស ឈ្នះប្រាក់រង្វាន់ និងម៉ូតូថ្មីស្រឡាង

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយ ដែលអតិថិជនរបស់អម្រឹត អាចមានឱកាសឈ្នះរង្វាន់ ជាសាច់ប្រាក់ និងរង្វាន់ធំម៉ូតូថ្មីស្រឡាងមួយគ្រឿង ដោយគ្រាន់តែជ្រើសរើស យកការបង់សងប្រាក់កម្ចី របស់ពួកគេតាមរយៈ ភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។

អតិថិជនរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃ សេវាទាបជាងមុនផងដែរ សម្រាប់ការបង់សងប្រាក់កម្ចី គ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ។ គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្រ្តរួមគ្នា ដែលផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់ កម្ចីកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ តាមរយៈការកាត់បន្ថយ ការចំណាយពេលវេលា លើការធ្វើដំណើរ ទៅកាន់សាខារបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី។ យុទ្ធនាការនេះ ក៏ជួយសម្រួលដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចី នៅក្រៅម៉ោងធ្វើការ ជាធម្មតារបស់សាខាអម្រឹតផងដែរ។

ប្រូម៉ូសិននេះចាប់ផ្តើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីស្រឡាងមួយគ្រឿង នៅចុងបញ្ចប់ នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារ ជាង ១ម៉ឺនទីតាំង ដែលផ្តល់សេវាផ្ញើប្រាក់ នៅទូទាំងប្រទេស។

លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ “ប្រូម៉ូសិននេះ ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ដល់អតិថិជនរបស់យើងក្នុងគ្រា ដែលបច្ចុប្បន្នពិបាក ក្នុងការធ្វើដំណើរទៅកាន់ សាខារបស់អម្រឹត ដើម្បីបង់សងប្រាក់កម្ចី”។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែសម្លឹងរកមើលវិធីថ្មីៗ ដើម្បីបន្ថែមតម្លៃ ដល់អតិថិជនរបស់យើង។ នៅពេលនេះ យើងទទួលស្គាល់ថា វាអាចមានការលំបាក ជាងមុនសម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្ងាយ ហេតុដូច្នេះហើយ បានជាយើងរីករាយ ក្នុងការផ្តល់ជូនសេវានេះ ទៅកាន់អតិថិជនរបស់អម្រឹត តាមរយៈបណ្តាញភ្នាក់ងារ ដ៏ធំរបស់យើង នៅទូទាំងប្រទេស”។

លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់ កម្មវិធី TrueMoney e-Wallet អាចទទួលបាន ការមិនគិតថ្លៃសេវា នៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួន ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀត ដោយគិតចាប់ផ្តើម ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top