អត្ថបទ

លោកគ្រូនាយកសាលា ចូលនិវត្តន៍ ឡុញ នាង ទទួលបានជ័យលាភី ពីកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១៖ ជ័យលាភី នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលា ចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបាន ឱកាសបន្ដការសិក្សា។

លោកគ្រូ ឡុញ នាង ដែលបានត្រូវបាន ជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាព ៣រូប ក៏រៃអង្គាសប្រាក់ ជួយសហគមន៍ របស់គាត់ផងដែរ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

លោកគ្រូត្រូវបានជ្រើសតាំង ជាជ័យលាភី នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជន និងបេក្ខនារីវគ្គផ្តាច់ព្រ័ត្រ ចំនួន ១០នាក់។ លោកគ្រូនឹងទទួលបាន ប្រាក់រង្វាន់ចំនួន ១០.០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។

ថ្លែងក្នុងពេលទទួលពានរង្វាន់ របស់លោក លោកគ្រូ ឡុញ នាង បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានចិត្តរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ គឺថាខ្ញុំរំភើបណាស់ មិនមែនរំភើបថានឹងទទួលបាន ជាពានរង្វាន់ឬជាប្រាក់អីទេ ប៉ុន្តែវាជាអំពើល្អ ដែលខ្ញុំបានខិតខំ រយៈពេលជីវិតជាគ្រូបង្រៀន ៤០ឆ្នាំមកនេះ ត្រូវបានទទួលស្គាល់។ អ្វីដែលខ្ញុំទទួលបានលទ្ធផលថ្ងៃនេះ អ្វីដែលជោគជ័យ ក្នុងការជួយឧបត្ថម្ភសិស្សក្រីក្រនេះ គឺមានការសហការជាច្រើន ជាមួយសហការី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំងព្រះសង្ឃផងដែរ ដោយបានចូលរួមខិតខំកៀរគរ ស្វែងរកថវិកាឧបត្ថម្ភ ដោយផ្តោតអារម្មណ៍ខ្លាំង ទៅលើសិស្សក្រីក្រ ព្រោះថាសិស្សក្រីក្រនេះ គឺជាមុខសញ្ញាមួយ ដែលងាយរងគ្រោះ ក្នុងការបោះបង់ការសិក្សា។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ កម្មវិធីពលរដ្ឋគំរូ Smart ដែលបានជ្រើសរើស ខ្ញុំជាជ័យលាភី”។

មុនពេលប្រកាសក្លាយ ជាអ្នកឈ្នះ លោកគ្រូ ឡុញ នាង បានថ្លែងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួយដល់សហគមន៍របស់លោក។ លោកបានបន្ថែមថា លោកក៏នឹងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ របស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយ នៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន ដែលមានគោលបំណង លើកស្ទួយសាមគ្គីភាព រវាងប្រជាពលរដ្ឋកម្ពុជា ទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូ ដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើង យ៉ាងពិសេស ដោយមានការចូលរួម របស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវ សង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។

នៅក្នុងសុន្ទរកថា បើកកម្មវិធីវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភី នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “បើទោះជាយើងដឹងហើយថា នឹងមានអ្នកឈ្នះតែម្នាក់ក្តី នៅពេលយើងចាប់ផ្តើម កម្មវិធីនេះនៅខែធ្នូ ឆ្នាំមុន អ្វីដែលយើងបានរកឃើញ នៅក្នុងពេលដំណើរការកម្មវិធីនេះគឺថា មានពលរដ្ឋកម្ពុជាជាច្រើន ដែលកំពុងធ្វើអំពើល្អ និងសកម្មភាពល្អ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ នៅក្នុងសង្គម ហើយនេះគឺជាអ្វី ដែលកម្មវិធីនេះចង់បាន ដោយទទួលស្គាល់ អ្នកដែលលះបង់ ជួយយកអាសារអ្នកដទៃ ជាពិសេសក្នុងអំឡុងពេល ដ៏លំបាកបែបនេះ”។

គណៈកម្មការរបស់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺអ្នកគ្រូ នាង ផល្លា ដែលជាអតីតបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់ គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការ ភ្នែកដំបូងគេ លោក ពុយ គា អ្នកសារព័ត៌មាន ជើងចាស់មួយរូប នៅកម្ពុជា និងជាអ្នកឆ្លើយឆ្លង ឲ្យទីភ្នាក់ងារព័ត៌មានក្យូដូ របស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន Smart Axiata។

លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូប បានមានប្រសាសន៍ថា៖ “ពានរង្វាន់ពលរដ្ឋគំរូនេះ នឹងជះឥទ្ធិពលធំណាស់ ដល់សង្គមទាំងមូល តាមរយៈការរួមចំណែក ពីបុគ្គលម្នាក់ៗដែលអាចធ្វើបាន ទោះបីជាជីវភាពខ្លួនឯង ជួបការលំបាកក៏ដោយ ក៏នៅតែអាចធ្វើអំពើល្អ ជាគំរូដល់អ្នកដទៃ ហើយគំរូបែបនេះ នឹងអង្រួនទឹកចិត្តយុវជន និងអ្នកដែលមានលទ្ធភាព និងធនធានឲ្យចូលរួម ជួយសង្គមកាន់តែច្រើនៗឡើង”។

ក្នុងរយៈពេល ៦ខែនៃដំណើរ ការកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំង ត្រូវបានអនុញ្ញាត ឱ្យជ្រើសតាំងបេក្ខជន បេក្ខនារី តែមនុស្សប៉ុណ្ណោះ ហើយអ្នកជ្រើសតាំង ត្រូវបានស្នើឱ្យផ្តល់ព័ត៌មាន ទំនាក់ទំនងលម្អិតរបស់អ្នក ដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេប អំពីអំពើល្អដែលអ្នកដែល ត្រូវបានជ្រើសតាំងបានធ្វើ។ ប្រជាពលរដ្ឋកម្ពុជា រាប់រយនាក់បានជ្រើសតាំង អ្នកដែលពួកគេយល់ឃើញថា បានធ្វើអំពើល្អ។

អ្នកដែលត្រូវបានជ្រើសតាំង ដែលសាកសមបំផុត ត្រូវបានទាក់ទង ដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែម អំពីប្រវត្តិ និងអំពើល្អដែលជួយឱ្យពួកគេ ត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបចំកម្មវិធី បានចេញផ្សាយ ព័ត៌មានលម្អិត របស់អ្នកដែលត្រូវបាន ជ្រើសតាំងទាំងនោះ។

យុទ្ធនាការនេះក៏រួមមាន ពានរង្វាន់ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេច ដោយការបោះឆ្នោត ពីសាធារណៈជន។ ជ័យលាភីពានរង្វាន់ ប្រជាប្រិយភាពរបស់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូស្មាត ឆ្នាំ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបាន ប្រាក់រង្វាន់ ចំនួន ១.០០០ដុល្លារ។

អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារី ដែលមានប្រជាប្រិយភាពនេះ ដោយសារការងាររបស់គាត់ ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាម បរិស្ថានពីសម្បកកង់ រថយន្តចាស់ៗ និងការជួយយក អាសារដល់ចាស់ជរា។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយ វីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top