អត្ថបទ

ក្រុមហ៊ុន Smart Axiata សហការជាមួយ ADA បង្កើតនូវវិធីសាស្រ្ត ធ្វើទីផ្សារថ្មី លើផ្លាតហ្វម REACH MEDIA និងកម្មវិធីស្ដាប់តន្រ្តី PLENG

សេវាផ្សាយពាណិជ្ជកម្មថ្មី ដែលប៊្រេន និងអាជីវកម្មទាំងអស់ នៅកម្ពុជាអាចចូលទៅកាន់ តែគៀកអតិថិជន តាមរយៈប្រព័ន្ធទូរស័ព្ទ

ភ្នំពេញ ថ្ងៃទី ៣១ ឧសភា ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុន ផ្ដល់សេវាទិន្នន័យ និងបញ្ញាសិប្បនិមិ្មតធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានសហការគ្នាបង្កើត នូវវិធីសាស្រ្តធ្វើទីផ្សារថ្មីចំនួន ២ ដើម្បីជួយឲ្យអ្នកផ្សព្វផ្សាយ ពាណិជ្ជកម្មនានា អាចខិតចូលកាន់តែជិត អតិថិជនរបស់ខ្លួន។ ADA Reach គឺជារបៀប ធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យអាជីវកម្មនានា ផ្ញើរសារទៅកាន់អតិថិជន ជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាព ផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធី ស្ដាប់តន្រ្តីតាមទូរស័ព្ទធំបំផុត របស់កម្ពុជា ដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួន ក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។

ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្រ្តធ្វើទីផ្សារ ដែលភ្ជាប់មកជាមួយ នូវការវិភាគទិន្នន័យ នៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានា របស់ប្រ៊េនទៅកាន់មនុស្ស ជាង ៧.៥ លាននាក់ទូទាំងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះ សុទ្ធតែប្រើប្រាស់ អមជាមួយទិន្នន័យ របស់ប្រព័ន្ធទូរស័ព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជន ឲ្យចំគោលដៅ។

ការដាក់ចេញនូវវិធីសាស្រ្ត ផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះគឺជាការនាំមកនូវ អន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ ទៅវិញទៅមក រវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ទ្រង់ទ្រាយរបស់ Rich Media គឺមានរួចជាស្រេច លើប្រព័ន្ធប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ។ ការផ្ញើរសារផ្ទាល់នេះ គឺជាយុទ្ធសាស្រ្ត ដ៏មានប្រសិទ្ធភាព ដែលដាក់ចំគោលដៅអតិថិជន ជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ ដែលផលិតផល ឬសេវាកម្មនានា ចង់ផ្សព្វផ្សាយ។

កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូត ចំនួនជាង ៤.៣ លានដង និងមានចំនួនអ្នកប្រើប្រាស់ ជាប្រចាំរហូតដល់ជាង ៦០០ ០០០ នាក់នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយ ក្នុងចំណោមកម្មវិធីផ្សេងៗ ដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យ ដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំង ផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់ នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើន ដែលនឹងធ្វើឡើង ជាប្រចាំឆ្នាំផងដែរ។

អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចំនួនប្រជាជនកម្ពុជាមាន ១៦ លាននាក់ តែចំនួនទូរស័ព្ទចល័ត ដែលពួកគេ ប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាព ដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនង រវាងម្ចាស់អាជីវកម្មទៅអតិថិជន ក្នុងបែបបទថ្មីដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់ និងយល់ដឹងពីទិន្នន័យ គឺជាកត្តាគោល នៃវិធីសាស្រ្តផ្សព្វផ្សាយទាំងអស់ របស់យើង។ យើងពិតជារំភើបក្នុងការប្រើប្រាស់ ការវិភាគប្រព័ន្ធទូរស័ព្ទ មកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើង អាចដាក់គោលដៅ បានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរក មធ្យោបាយថ្មីៗ ដើម្បីជួយកសាងភាពជោគជ័យ របស់អតិថិជនយើង។»

លោក Sanjid Hossain នាយកគ្រប់គ្រង យុទ្ធសាស្រ្តទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចម្រៀង ជាពាក្យដែលពេញនិយមជាងគេ ក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំ អាជីវកម្មរបស់លោកអ្នក ទៅកាន់អតិថិជន បានកាន់តែច្រើនជាងមុនកម្មវិធី កម្សាន្តដោយប្រើប្រាស់ កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយ របស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព។»

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «អស់រយៈពេល មួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើង រក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវីដ-១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវ​ ផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃ ដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយ ដែលនឹងដឹកនាំ យើងទៅដល់គោលដៅនោះ”៕

ADA គឺជាក្រុមហ៊ុនផ្ដល់ទិន្នន័យ និងបញ្ញាសិប្បនិមិ្មត(AI) ដែលបង្កើតឡើងដើម្បីធ្វើប្រតិបត្តិការ រួមបញ្ចូលមួយលើផ្នែកទិន្នន័យ ការវិភាគ និងដំណោះស្រាយទីផ្សារ។ មានសាខាចំនួន ៩ ទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាស៊ីអាគ្នេយ៍ ADA បានសហការជាមួយប្រ៊េនធំៗ ជាច្រើន ហើយបាននាំមកជូនអាជីវកម្មទាំងនោះ នូវវិធីសាស្រ្តធ្វើទីផ្សារឌីជីថល ដែលមានភាពសមស្រប ក៏ដូចជាសម្រេចគោលដៅអាជីវកម្ម របស់ពួកគេផងដែរ។ យើងឈរលើគោលដៅ និងផ្ដល់ជូនសេវាសំខាន់ៗចំនួន ៣ ដូចជា៖
-ផ្ដល់ចំណេះដឹងអាជីវកម្ម ទិន្នន័យ និងការវិភាគស៊ីជម្រៅ
-យល់ដឹងពីឥរិយាបថ និងការគិតរបស់អតិថិជន និងបង្កើតនូវវិធីសាស្រ្តធ្វើទីផ្សារ ប្រកបដោយភាពច្នៃប្រឌិត តាមប្រភពទិន្នន័យ
-ផ្ដល់សេវាធ្វើទីផ្សារ លើប្រព័ន្ធឌីជីថល ដើម្បីការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរ និងចំគោលដៅ។
ADA ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលមានជំនាញខ្ពស់ ក្នុងការប្រើប្រាស់ទិន្នន័យ ដែលបានសិក្សាស៊ីជម្រៅ លើអតិថិជនជាង ៣៧៥ លាននាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
Fiona Ng, Marketing & Communications, ADA
+6019 257 8277, fiona.ng@ada-asia.com

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករ ទូរគមនាគមន៍ចល័ត ឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹង កំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ ធំជាងគេបង្អស់មួយ ក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឲ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បង បច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យា ទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្ម ទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវា គ្របដណ្តប់ក្នុងតំបន់ ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួន យ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូ ជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រង អាយុជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យ ក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ ដែលទទួលបាន កី្ដស្រលាញ់ពេញចិត្តបំផុត” នៅព្រះរាជាណាចក្រកម្ពុជា ត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុប ប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល ទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិត កាន់តែប្រសើរឡើង។

To Top