អត្ថបទ

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជាមួយ គ្រឹះ​ស្ថាន ​មីក្រូហិរញ្ញវត្ថុហ្វូណន ភីអិលស៊ី ផ្តល់ជូន​សេវា​បង់សង​ប្រាក់​កម្ចី ​ដោយ​មិនគិត​ថ្លៃសេវា

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បានសហការ​ជាមួយ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជា​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុឈាន​មុខ​គេមួយ​នៅកម្ពុជា ដើម្បី​ផ្តល់ជូន​សេវា​បង់សង​ប្រាក់​កម្ចី​ ដោយ​មិនគិត​ថ្លៃសេវា។

ប្រូម៉ូសិនដែលផ្តល់ជូន ការ​លើក​លែង​ថ្លៃសេវា​​ជាមួយ ហ្វូណន នេះ មាន​សុពលភាព​​ ចំពោះ​អតិថិជន​ដែល​បង់សង​ប្រាក់​កម្ចីជូន ​ ហ្វូណន តាមរយៈ​ភ្នាក់ងារ ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការ​ផ្តល់​ជូនសេវា​ដោយ​មិនគិត​ថ្លៃ​សេវា​នេះ​មានសុពលភាព ​ចាប់ពី​ថ្ងៃ​​ជូនដំណឹង​នេះ​ រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២១។

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែង​ថា៖ “នេះគឺជា​គំនិតផ្តួចផ្តើម​រួម​គ្នា​មួយ ​ដែល​ផ្តល់អត្ថ​ប្រយោជន៍​ដល់​ទាំង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់ ហ្វូណន។ ហ្វូណន ចាំបាច់​ត្រូវ​ព​ង្រីក​បណ្តាញ​នានា ​ដើម្បី​​បម្រើ​សេវា​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់ទីកន្លែង និង​គ្រប់ពេលវេលា។ ជា​ពិសេស​ វាធ្វើ​ឱ្យអតិថិជន​របស់​យើង ​កាន់​តែ​មានភាព​ងាយស្រួល និង​កាត់បន្ថយការចំណាយ ដូច​ដែល​ ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី​ នៅថ្ងៃនេះ​អ៊ីចឹង”។

លោក​បានបន្ថែមថា គំនិត​ផ្តួចផ្តើម​នេះ ​គឺជា​កិច្ចប្រឹងប្រែង​រួមគ្នា​មួយ​ដោយ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​​​ធ្វើ​ឱ្យការ​បង់សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយ​ស្រួល ​សម្រាប់អតិថិជន​ តាមរយៈការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា​ធ្វើដំណើរ​​ទៅកាន់សាខា​​របស់ ​ហ្វូណន។ យុទ្ធនាការ​នេះ​ក៏​មាន​បំណង ពង្រីក​ម៉ោង​ធ្វើការ​ផងដែរ​ ដែលក្នុងអំឡុងពេល​នេះ អតិថិជន​អាច​ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​ និងការបង់សង​ប្រាក់​​កម្ចី​ជូន ហ្វូណន។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់​គ្រង​ផ្នែក​​យុទ្ធសាស្រ្ត ​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់​បង្កើត​​ការទុកចិត្ត និង​ស្គាល់​ភ្នាក់ងារ​ទ្រូម៉ាន់នី​នៅក្នុង​មូលដ្ឋានរបស់ពួកគេ​ច្បាស់។ តាមរយៈការ​បន្ថែម​សេវា​ទូទាត់ការ​ចំណាយ និង​​បង់សង​ប្រាក់​កម្ចី​បែប​នេះ ​តាម​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​ យើង​កំពុង​ផ្តល់​ជូន​សេវា​មួយ ​ទៅកាន់​អតិថិជន​របស់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំង​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់​របស់​យើង​​ផង​ដែរ”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​ បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារ ជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា ​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top