អត្ថបទ

ព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិចត្រូនិច​ នឹងរៀបចំ ជាលើកដំបូង នៅកម្ពុជា តាមរយៈ កិច្ចសហការ របស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន Moonton ដែលជាស្ថាបនិកហ្គេម Mobile Legends

ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ – អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិច នៅកម្ពុជា ឥលូវនេះអាចចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិច ដែលមានកម្រិត ស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មី រវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang Bang (MLBB)។

កិច្ចសហការថ្មីនេះ នឹងនាំយកព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់ នៅកម្ពុជា ឈ្មោះថា «MLBB Professional League» ឬហៅកាត់ថា (MPL) ដែលក្រុមក្នុងស្រុក អាចឈានទៅប្រកួតជាមួយ ក្រុមខ្លាំងបំផុត ក្នុងតំបន់ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។

ព្រឹត្តិការណ៍ប្រកួតនេះ នឹងផ្ដល់ឱកាសឲ្យអ្នកចូលចិត្ត លេងកីឡាអេឡិចត្រូនិច នៅកម្ពុជា បង្កើនជំនាញរបស់ពួកគេ ពេញមួយរដូវកាល នៃព្រឹត្តិការណ៍ប្រកួត និងប្រកួតជាមួយ កីឡាករក្នុងស្រុក និងកីឡាករអន្តរជាតិ ឆ្នើមល្អដទៃទៀត។ ព្រឹត្តិការណ៍ប្រកួតនេះ ក៏មានប្រាក់រង្វាន់សរុប ចំនួន ៣ម៉ឺនដុល្លារ ដែលជារង្វាន់ សម្រាប់ជ័យលាភី ក្នុងការប្រកួតនេះ។

ជាមួយនឹងការគាំទ្រ ពីក្រុមហ៊ុន Smart ព្រឹត្តិការណ៍ប្រកួត MPL ត្រូវបានបញ្ជាក់ថា នឹងផ្ដើមឡើង រយៈពេលពីររដូវកាល រហូតដល់ឆ្នាំក្រោយ ដោយរដូវកាលដំបូង ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២១ ។

ក្រុមទាំងអស់ដែលចូលរួម ក្នុងការប្រកួតទាំងអស់ នឹងធ្វើការប្រកួតប្រជែង ដណ្តើមយករង្វាន់សាច់ប្រាក់ នឹងក្លាយជាម្ចាស់ជើងឯក ដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអេឡិចត្រូនិច នៅព្រះរាជាណាចក្រកម្ពុជា និងឱកាសធ្វើជាតំណាង ឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតអន្តរជាតិ M3 នាចុងឆ្នាំនេះ។

ការដាក់ពាក្យសុំចុះឈ្មោះ របស់ក្រុមនឹងបើកក្នុងពេលឆាប់ៗនេះ ហើយរាល់ការប្រកួត នឹងផ្សាយផ្ទាល់លើទំព័រ ហ្វេសប៊ុក MLBB និងទំព័រហ្វេសប៊ុក Leng by Smart និងទំព័រ YouTube របស់ក្រុមហ៊ុន Smart Axiata។ ព័ត៌មានលំអិតទាំងអស់ អាចរកបាននៅលើទំព័រ Leng by Smart រួមជាមួយព័ត៌មាន នៃជម្រើសហ្គេមផ្សេងៗទៀត ដែលផ្តល់ដោយក្រុមហ៊ុន Smart។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ ដែលបានចាប់ដៃគូ ជាមួយក្រុមហ៊ុន Moonton ដើម្បីនាំយកព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយ មកកាន់ប្រទេសកម្ពុជា ជាលើកដំបូង។ កីឡាអេឡិចត្រូនិច កាន់តែពេញនិយម ក្នុងប្រទេសកម្ពុជា ហើយយើងបានស្តាប់ អតិថិជនរបស់យើង ដោយមួយចំនួនធំ គឺជាអ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដែលចង់ចូលរួមព្រឹត្តិការណ៍ ប្រកួតនៅកម្ពុជា ដែលអាចផ្តល់នូវការប្រកួត បែបស្តង់ដារ និងឱកាសពិតប្រាកដ សម្រាប់ការលូតលាស់ របស់ពួកគេ។»

លោក ថូម៉ាស បន្ថែមទៀតថា៖ «យើងបានគាំទ្រ ក្រុមអ្នកលេង និងការប្រកួត ជាលក្ខណៈបុគ្គល នាពេលកន្លងមក។ ការនាំមកនូវព្រឹត្តិការណ៍ ប្រកួតដ៏ធំបែបនេះ ដែលជាកម្រិតលីគ (league) តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុន Moonton គឺជាព្រឹតិ្តការណ៍សំខាន់មួយ ហើយក៏ឆ្លុះបញ្ចាំង អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ទៅកាន់យុវជនកម្ពុជា និងវិស័យឌីជីថល ដែលកំពុងរីកចម្រើននេះ ដែលយើងកំពុងភ្ជាប់ អ្នកចូលចិត្តកីឡាអេឡិច ត្រូនិចទៅនឹងហ្គេម នៅទូទាំងបណ្តាញរបស់យើង។»

Trinity Wu ពីក្រុមហ៊ុន Montoon មានប្រសាសន៍ថា៖ «ការចាប់ដៃគូជាមួយក្រុមហ៊ុន Smart ដែលជាដៃគូក្នុងព្រឹត្តិការណ៍ ប្រកួតរបស់យើងនៅកម្ពុជា គឺជាជម្រើសមួយ ដ៏ច្បាស់លាស់ ព្រោះក្រុមហ៊ុន Smart បាន វិនិយោគពេលវេលាការខិតខំ និងធនធានជាច្រើន ដើម្បីពង្រីកវិស័យ កីឡាអេឡិចត្រូនិច នៅកម្ពុជា។

យើងពិតជារំភើបរីករាយ ដែលបានធ្វើកិច្ចសហការ ជាមួយ Smart ដើម្បីនាំយកបទពិសោធន៍ និងការប្រកួតប្រជែង​ ស្តង់ដារអន្តរជាតិ មកប្រទេសកម្ពុជា និងអ្នកចូលចិត្តលេង​ កីឡាអេឡិចត្រូនិច ដែលមានទេពកោសល្យទាំងអស់។»

ការប្រកាស អំពីព្រឹត្តិការណ៍ ប្រកួតនេះបានធ្វើឲ្យមានការរំភើបយ៉ាងខ្លាំង ពីសំណាក់អ្នកចូលចិត្ត វិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជា ជាពិសេសនៅពេលដែល កីឡាអេឡិចត្រូនិច ត្រូវបានដាក់បញ្ចូលទៅក្នុងកីឡា ស៊ីហ្គេម (SEA Games) ដែលកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ។

LeeXin ប្រធាន និងអ្នកគ្រប់គ្រងក្រុម Smart Burn Gaming បានឲ្យដឹងថា៖ «យើងបានចូលរួម ក្នុងការប្រកួតកីឡាអេឡិចត្រូនិច និងការប្រកួតប្រជែង សម្រាប់អ្នកចូលចិត្ត កីឡាអេឡិចត្រូនិចកម្ពុជា ជាច្រើនរួចមកហើយ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍ ប្រកួតលើកដំបូងនៅទីនេះ ដែលនឹងនាំយកការប្រកួតប្រជែង ឲ្យកាន់តែរំភើប ដែលមិនធ្លាប់មាននៅកម្ពុជា។»

ក្នុងឆ្នាំដំបូងក្រោមភាពជាដៃគូ Smart និង Moonton នឹងមានពីររដូវកាល នៃព្រឹត្តិការណ៍ប្រកួត MPL Cambodia និងឱកាស សម្រាប់ក្រុមចូលរួមប្រកួត ដើម្បីប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ M3 និងព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជាការប្រកួតលីគ (league) អន្តរជាតិចំនួនពីរ។

សម្រាប់អ្នកលេង Mobile Legends និងអ្នកដែលចាប់អារម្មណ៍ ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ដែលនឹងធ្វើឡើង នាពេលខាមុខនេះ អ្នកចូលរួមអាច ទទួលបានទិន្នន័យ​ អ៊ីនធឺណិតគ្មានកំណត់ ដើម្បីលេងហ្គេម តាមដែលពួកគេចង់លេង ដោយភ្ជាប់គម្រោង Mobile Legends គ្មានដែនកំណត់របស់យើង ត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍។ ដូចគ្នានេះដែរ ប្រសិនបើពួកគេចង់ធ្វើការ ទិញទំនិញក្នុងកម្មវិធីហ្គេម ពួកគេអាចទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយតាមរយៈ គេហទំព័ររបស់ Razer Gold នៅពេលពួកគេទិញរូបិយប័ណ្ណ ជាមួយសមតុល្យចម្បង របស់ Smart ។

សម្រាប់ព័ត៌មានបន្ថែ​ម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top