អត្ថបទ

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ រកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើឈ្មោះ​ក្រុមហ៊ុន ក្លែងបន្លំជានាយកប្រតិបត្តិ​ គៀងគរវិនិយោគ​ តាមTelegram

ភ្នំពេញ៖​ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះ​ ក្រុមហ៊ុន ក្លែងបន្លំជានាយកប្រតិបត្តិ​ ធ្វើការគៀងគរវិនិយោគ​ តាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់។ 

យោងតាមសេចក្តីជូនដំណឹង​ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) កាលពីថ្ងៃទី៧​ វិច្ឆិកា​ ស្តីពីការដាស់តឿន​ អ្នកវិនិយោគឱ្យប្រុងប្រយ័ត្ន​ ចំពោះឧក្រិដ្ឋជន ដែលក្លែងខ្លួនជាឈ្មោះក្រុមហ៊ុន​ ដើម្បីចូលរួមក្នុងសកម្មភាពឆបោក​ បានបញ្ជាក់ថា​ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖​

ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក” អចលន ទ្រព្យទាំងអស់ ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្ម របស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយ គត់ មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ 

ប្រសិនបើមានបុគ្គលណាអោយ អតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។ វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ក្រុមហ៊ុនយើង។

គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook: Prince Real Estate Group (ទទួលបានសញ្ញា ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/​ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការ របស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ពីការរំលោភបំពាន។ 

ក្រុមហ៊ុនយើងមិនទទួលខុសត្រូវ ចំពោះការខាតបង់ដែលបណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។

ក្រុមហ៊ុនយើងបាននឹងកំពុង ផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មអចលនទ្រព្យ រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទេសចរណ៍វប្បធម៌ ជាដើមហើយមានមូលនិធិផ្ទាល់ខ្លួនគ្រប់គ្រាន់។

យើងមិនស្នើសុំមូលនិធិពីសាធារណជនតាមរយៈបណ្តាញណាមួយឡើយ។ ប្រសិនបើអ្នកវិនិយោគរកឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង អាចទូរស័ព្ទទៅលេខទូរស័ព្ទផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខ 068509555/​ 0714451 555 ដើម្បីសាកសួរព័ត៌មាន។

ក្រុមហ៊ុនយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើខុសច្បាប់ណាមួយ​ ដែលក្លែងបន្លំឈ្មោះក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ​ របស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិនក្រុមហ៊ុនយេីងនឹងរក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន៕

To Top