ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប៤៥ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២១) នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរៀបចំដោយខ្មែរក្រហម។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអះអាងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកព្យាបាលជាសះស្បើយនោះទេ ខណៈអ្នកឆ្លងនៅទូទាំងប្រទេស មានចំនួន៣៨២នាក់ អ្នកជាសះស្បើយចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២០នាក់ ៕
នៅថ្ងៃទី២៥ ខែធ្នូ ១៩៩១ គឺជាថ្ងៃទីអវសាន ដែលរបប នយោបាយ របស់សហភាពសូវៀត ទទួលមរណភាពទាំងស្រុង ព្រមទាំងបាននាំ ទៅជាមួយនូវចលនា កុម្មុយនីស្ត អន្តរជាតិជាមួយផង! នៅក្នុង ព្រឹត្តិការណ៍ពិភពលោកមួយនេះ មានឥស្សរជន ជាច្រើនដែលបានធ្វើ ការទស្សន៍ទាយ ចំពោះការដួលរលំប្រព័ន្ធសង្គមនិយមមួយនេះ ដែលក្នុងនោះរួមមាន អ្នកនិពន្ធនយោបាយ George Orwell...
ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា បានរកឃើញស្ត្រីជាពលករខ្មែរ មកពីថៃ បានឆ្លងជំងឺកូវីដ១៩ម្នាក់ បន្ថែមទៀត និងគ្មាបករណី ព្យាបាលជាសះស្បើយ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤មករា ឆ្នាំ២០២១បានឲ្យដឹងថាអ្នកឆ្លងជាស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីថៃ មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ក្រសួងបន្តថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រគឺវិជ្ជមានវីរុស កូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមជម្រាបថា គិតមកដល់ថ្ងៃ៤ មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៨២(ស្រី១០៤នាក់ និងបុរស ២៧៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៣៦២ នាក់(ស្រី៨៦នាក់ និងបុរស២៧៦នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន២០នាក់(ស្រី១៩នាក់និងបុរស១នាក់)៕
បរទេស៖ យោងតាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីគម្រោងសម្រាប់សមយុទ្ធយោធាដ៏មានសក្ដានុពល ប៉ុន្តែភាគីទាំងពីរមានការព្រួយបារម្ភ ស្តីអំពីការជះឥទ្ធិពលរបស់សមយុទ្ធយោធានោះ លើប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាយ៉ាងតិចបំផុតចំនួនពីរលើក ក្នុងពេលមួយឆ្នាំ នៅមុនពេលមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា នៅក្នុងខែមីនា និងខែសីហា ហើយនៅក្នុងឆ្នាំ២០២០ ការហ្វឹកហាត់សម្រាប់ទីបញ្ជាការកងកម្លាំងចម្រុះ ត្រូវបានផ្អាក និងមានត្រឹមតែសមយុទ្ធទ្រង់ទ្រាយតូចប៉ុណ្ណោះ ធ្វើឡើងនៅចុងខែសីហា។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ក៏បានផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីការហ្វឹកហាត់ជាមួយវិធីដែលនឹងមិនបង្កហេតុដល់ប្រទេសកូរ៉េខាងជើង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MBN។ ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះបានអះអាងថា សហសមយុទ្ធយោធា គឺជាការត្រៀមសម្រាប់ការឈ្លានពាន៕
បរទេស៖ សាលាក្រុងបាងកក បានប្រកាសបិទអាជីវកម្មចំនួន ២៥ ប្រភេទ រួមទាំងកន្លែង កម្សាន្តផងដែរ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២ មករាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ។ យោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បាលក្រុងបាងកកលោក Aswin Khwanmuang បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃសុក្រ ដើម្បីបិទអាជីវកម្មចំនួន ២៥ ប្រភេទជាបណ្តោះអាសន្ន ដែលនឹងការប្រមូលផ្តុំមនុស្សជាច្រើន។ កន្លែងដែល រងផលប៉ះពាល់ រួមមាន៖ កន្លែងកម្សាន្តដូចជាហាងស្រាបារ និងសួនទឹក និងសួនកម្សាន្តកន្លែងកម្សាន្តកន្លែងកុមារ ហាងលក់អាហារ និងមណ្ឌលអាហារ និងកន្លែងមួយចំនួនទៀត មិនអាចអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងបានទេ។ ហាងកាត់សក់ឬជាងកាត់សក់ត្រូវកំណត់ពេលវេលាផ្តល់សេវាកម្មដល់អតិថិជន និងមិនអនុញ្ញាតឱ្យអតិថិជនរង់ចាំនៅក្នុងហាងរបស់ពួកគេឡើយ៕
បរទេស៖ ប្រទេសចិនបានច្រានចោលការផ្តល់ជូននូវកិច្ចពិភាក្សាថ្មីបំភុតរបស់កោះតៃវ៉ាន់ ដោយចិនបានចោទប្រកាន់រដ្ឋាភិបាលក្រុងតៃប៉ិ ការស្វែងរកការប្រឈមមុខជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ចំពេលដែលកោះនេះស្វះស្វែងដើម្បីទទួលបានឯករាជ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចាប់តាំងពីឆ្នាំ ២០១៦ មក គណបក្សរីកចម្រើនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះនេះ បានបន្តបង្កភាពតានតឹងតាមរយៈការស្វែងរកឯករាជ្យដោយប្រឈមមុខនឹងដីគោក (ចិន) នៅគ្រប់វេននិងបង្កើតការប្រឈមមុខដាក់គ្នាដោយចេតនាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ការិយាល័យបន្តថា « ពួកគេបាននិយាយម្តងទៀតអំពីអ្វីដែលគេហៅថា“ ការសន្ទនា” ប៉ុន្តែតើវាអាចមកពីណា? យើងជំរុញឲ្យអាជ្ញាធរ DPP បញ្ឈប់ការប្រើល្បិចថោកទាបទាំងនេះ ដើម្បីបោកប្រាស់ប្រជាជន»។ សូមជម្រាបថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងតៃប៉ិត្រៀមខ្លួនធ្វើការចរចាប្រកបដោយអត្ថន័យជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដោយឈរលើមូលដ្ឋានស្មើភាពគ្នាប្រសិនបើអាជ្ញាធរចិនបង្ហាញពីឆន្ទៈក្នុងការទុកនូវអ្វីដែលលោកស្រី Tsai បានពិពណ៌នាថាជាការប្រឈមមុខដាក់គ្នា៕
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីរាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថាអ្នកនាំពាក្យ របស់លោកប្រធានាធិបតី Rodrigo Duterte បានលើកឡើងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានករណីឆ្លងជំងឺ ច្រើនឡើងៗ ដោយសារវីរុសវីរុសកូរ៉ូណាក្លាយពូជថ្មីដែលបានរកឃើញនៅរដ្ឋផ្លរីដា ប្រទេសហ្វីលីពីន នឹងធ្វើការហាមឃាត់អ្នកដំណើរជាជនបរទេសដែលមកពីសហដ្ឋអាមេរិក ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០៣ ខែមករា ។ លោក Harry Roque អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន បានលើកឡើងក្នុងសេចក្តីប្រកាសមួយថា ការហាមប្រាមក្នុងការធ្វើដំណើរ នឹងគិតរហូតដល់ថ្ងៃទី១៥ ខែមករា ដោយផ្តោតសំខាន់លើអ្នកទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងពេល១៤ថ្ងៃ នៅពេលមកដល់ទឹកដីហ្វីលីពីនវិញ ។ វិធានការបន្ថែម សម្រាប់ការរឹតត្បិត លើការធ្វើដំណើរដែលក្រុងម៉ានីល បានប្រកាសកាលពីថ្ងៃអង្គារ ជាការផ្តួចផ្តើមដំបូងគ្របដណ្តប់លើអ្នកដំណើរទាំងឡាយដែលមកពីបណ្តាប្រទេសចំនួន១៩ និងតំបន់ជាច្រើនទៀត ហើយចាប់ផ្តើមមានប្រសិទ្ធិភាពនៅពាក់កណ្តាល អធ្រាតថ្ងៃទី២៩ ខែធ្នូ ៕
ភ្នំពេញ ៖ ក្រោយពីរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីប្រទេសថៃ ទៅតាមបណ្ដាខេត្តឡើយ ត្រូវធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនតែម្ដង។ សូមជម្រាបថា ការចេញបទបញ្ជាថ្មីមួយ នេះរបស់ សម្ដេចតេជោ ហ៊ុនសែន គឺដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍នៅកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីថៃ។ តាមរយៈសារបន្ទាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញ បទបញ្ជាឲ្យខេត្តនៅតាមបណ្ដាព្រំដែន និងកម្លាំងព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ ជាមួយ ពលករខ្មែរ ដែលធ្វើដំណើរពីថៃ មកកម្ពុជាវិញ។ សម្ដេចតេជោ មានប្រសាសន៍ថា «បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយុទ្ធពលខេមរភូមិន្ទ ដែលមានដឹកជញ្ជូន ផ្អាក ការដឹកជញ្ជូនបងទាំងនេះ (ពលករខ្មែរ) ចូលមកផ្ទៃក្នុងប្រទេស។ដែលធ្លាប់ដឹកចែករំលែកទៅតាមខេត្ត យើងសុខចិត្ត ធ្វើចត្តាឡីស័ក្ត នៅតាមព្រំដែនល្អជាង ដឹកបងប្អូនពង្រាយផ្ទៃក្នុងប្រទេស ដែលនាំឲ្យឆ្លងក្នុងសហគមន៍ សារជាថ្មីម្ដង ទៀត»។ សម្ដេចតេជោ បញ្ជាក់ថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ សម្ដេចថា តាមការប៉ាន់ស្មាន់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបងនឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ ផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូន ទាំងនេះ(ពលករខ្មែរ) ឲ្យបានហ្មត់ចត់បំផុត ហើយផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ»៕
ភ្នំពេញ ៖ ក្នុងរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធ នាការដោះស្រាយការកកស្ទះ សំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្តបានដោះស្រាយសំណុំ រឿងព្រហ្មទណ្ឌជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩%។ យោងតាមសេចក្ក្ដី ប្រកាសព័ត៌មានរបស់ក្រសួង យុត្តិធម៌កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលរយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ក្រសួងបន្ដថា «ជាលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បាន ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរនិងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកក ស្ទះ(សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុង ដំណាក់កាលជំនុំជម្រះ)»។ បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ចូលថ្មី ចំនួនជាង ៣៦៥០០សំណុំរឿង ស្មើនឹង ៧៣% នៃសំណុំរឿងចូលថ្មីសរុប។ ជាមួយនឹងលទ្ធផលនេះក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន១០ បន្ថែម ទៀត រួមមាន ៖ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុប ចំនួន ១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន ២៤ បានប្រកាសបញ្ចប់ដោយ ជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួនដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ បានយ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មី យ៉ាងតិច៧០%។ តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងត្រូវប្រើ រយៈពេល ១ឆ្នាំដោយចាប់ផ្តើមគិតពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១។ ផ្អែកលើលទ្ធផល ដែលសម្រេចបាន រយៈពេល ២២២ថ្ងៃនេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី ខេត្ត និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ គ.យ.ក.ស. មានក្ដីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស នឹងអនុវត្ត យុទ្ធនាការសម្រេចបានលទ្ធផលជោគជ័យ ដោយធ្វើការដោះស្រាយ សំណុំរឿងកកស្ទះទាំងអស់ ហើយឈានទៅដល់ការ ប្រកាសបិទបញ្ចប់នៃការអនុវត្តយុទ្ធនាការ តាមផែនការ ដែលបានគ្រោងទុក៕