ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោសទោស ចំពោះការបាត់បង់ជីវិត ក្មេងប្រុសកំព្រាម្នាក់ ដោយកាំភ្លើ ងបាញ់សត្វ

ភ្នំពេញ ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានធ្វើការថ្កោសទោស ចំពោះជនសង្ស័យ២រូប ដែលធ្វើឲ្យបាត់បង់ជីវិតក្មេងប្រុស កំព្រាម្នាក់ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ ដោយសារកាំភ្លើងបាញ់សត្វ។

តាមសេចក្ដីថ្លែងការណ៍របស់ គណៈកម្មការការពារ កុមារថ្នាក់ជាតិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានកោតសរសើរ ចំពោះសមត្ថកិច្ចជំនាញនិងតុលាការ ដែលបានចាត់វិធានការ យ៉ាងក្តៅគគុក និងទាន់ពេលវេលា ចំពោះករណី ស្លាប់បាត់បង់ ជីវិតកុមារា សារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សនៃអនុវិទ្យាល័យបែកចាន ស្នាក់នៅអង្គការសង្គ្រោះជន អស់សង្ឃឹម ដែលករណីនេះបានកើតឡើង នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ មីនា។ ជាមួយគ្នានេះ ដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២រូប ព្រមទាំង កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បី បន្តនីតិវិធីតាមផ្លូវច្បាប់។

គណៈកម្មការ ក៏បានបញ្ជាក់ថា «សាធារណជនទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរ យ៉ាងក្រៃលែង ចំពោះកុមារកំព្រាដ៏កំសត់ម្នាក់នេះ ដែលទទួលរងគ្រោះស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័មសោក សៅ និងខ្លោចផ្សាបំផុត ដោយទង្វើខ្វះការប្រុងប្រយ័ត្ន ដែលជនសង្ស័យ បានប្រើប្រាស់អាវុធ ជាឧបករណ៍កម្សាន្តនិងសូមធ្វើការថ្កោលទោសចំពោះទង្វើមិនទទួលខុសត្រូវរបស់ជនសង្ស័យទាំងពីរ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត ក្មេងប្រុសកំព្រាស្លូតត្រង់រូបនេះ»។

ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានធ្វើការ អំពាវនាវ និងសំណូមពរដល់ស្ថាប័នតុលាការ ត្រូវបន្តធ្វើការស៊ើបអង្កេត និងផ្តន្ទាទោសកម្រិតអតិបរមា (ស្ថានទម្ងន់ ទោស) លើជនសង្ស័យដោយគ្មានការលើកលែង ដើម្បីកុំឲ្យទង្វើបែបនេះ កើតមានក្នុងសង្គមបន្តទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top