ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៣១ខែធ្នូ ដល់ថ្ងៃទី៣មករា ឆ្នាំ២០២១តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំង។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងចេញផ្សាយ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ស្តី ពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី៣០ធ្នូដល់ថ្ងៃទី៥មករាឆ្នាំ២០២១បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ។ ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ក្នុងនោះនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាព អប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី២៧-២៩ អង្សាសេ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងសូមសាធារណជន ជ្រាបជាព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះ ល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕ ស.សំណាង
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការខឹងសម្បារ ក្រោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំចុះហត្ថលេខាលើ វិធានការឲ្យចូល ជាច្បាប់ ដើម្បីជំរុញ បន្ថែមការគាំទ្រ សម្រាប់កោះតៃវ៉ាន់ និងតំបន់ទីបេ ដែលរួមបញ្ចូល ទាំងជំនួញលើរោគរាតត្បាត និងកញ្ចប់ថវិកាចំណាយ២,៣ ពាន់លានដុល្លារ។ ច្បាប់ធានាចំពោះ តៃវ៉ាន់ឆ្នាំ២០២០ និងគោលនយោបាយនិងច្បាប់គាំទ្រ ទីបេឆ្នាំ២០២០ ទាំងពីរនេះមាន បង្កប់ភាសាប្រឆាំងនឹងប្រទេសចិន ដែលរួមមានទាំង ការគំាទ្ររបស់សហរដ្ឋអាមេរិក ឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងអង្គភាព នានារបស់អង្គការ សហប្រជាជាតិនិងការលក់អាវុធជាប្រក្រតី។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថាថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះ ច្បាប់ទាំងពីរនេះ៕ ដោយ៖ប៉ាង កុង
ភ្នំពេញ ៖ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤» ប្រព្រឹត្តទៅដោយ ប្រសិទ្ធភាព តម្លាភាព និងសមធម៌ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ-សង្កាត់ ដែលអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកំពុងកាន់ប័ណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនប្រមាណជាង ២,៨លាននាក់ កំពុងបើកប្រា ក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម បន្ដថា លទ្ធផលជោគជ័យនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបាននូវការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពី ប្រជាពលរដ្ឋ និងការសាទរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបើកផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈនិងខែមីនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា។ ក្នុងន័យនេះ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤នេះ ប្រព្រឹត្តទៅប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់អភិបាលរាជធានី -ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវ កិច្ចការមួយចំនួនដូចខាងក្រោម៖ ទី១-ត្រូវធ្វើការណែនាំឲ្យបានម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងខ្ជាប់ខ្លួនបំផុត ហើយត្រូវចៀសវាងឲ្យ ខាងតែបាននូវការយោគយល់ និងយុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ មុនដំណាច់ឆ្នាំ ២០២០ ។ និងទី២-រដ្ឋបាលរាជធានី -ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលរាជធានី- ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ៕ ដោយ ៖ អេង ប៊ូឆេង
ភ្នំពេញ ៖ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះលោកកឹម សុខា និងភរិយា រាជានុញ្ញាត សម្ដែងនូវអំណរសាទរ ចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនាមហាប្រសេីរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតព្រះរោគាព្យាធិនានា និងទ្រង់គង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រ៕
ភ្នំពេញ ៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានឲ្យដឹងថា នាពេលថ្មីៗនេះ ថៃ-កម្ពុជា ធ្វើការរួមគ្នាកាត់បន្ថយ ផលប៉ះពាល់នៃការរីករាលដាល ជំងឺកូវីដ-១៩ ទៅលើផ្នែក សេដ្ឋកិច្ច-សង្គមរបស់ ដោយបើកផ្លូវ សម្រាប់កិច្ចសហប្រតិ បត្តិការ កាន់តែជិតស្និទ្ធដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈសារលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ថៃ-កម្ពុជា ដែលចេញផ្សាយ នាពេលថ្មីៗនេះ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងថាទំនាក់ទំនងរវាង ថៃ-កម្ពុជា កាន់តែមានភាពរឹងមាំជាងពេល ណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។ លោកបញ្ជាក់ យ៉ាងដូច្នេះថា «ថ្មីៗនេះយើង (ថៃ-កម្ពុជា) ក៏បានធ្វើការរួមគ្នា ក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃការរីករា លដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការឲ្យ កាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគត»។ លោកបន្ដថា ជាប្រទេសជិតខាង ជាមិត្តតំបន់ព្រំដែន របស់ ថៃ-កម្ពុជា កំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែ ងដោយមានពាណិជ្ជកម្ម ឆ្លងដែនរីកចម្រើន ឥតឈប់ឈរ ដែលនាំមកនូវ ការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន ថៃ-កម្ពុជា ងឲ្យកាន់តែប្រសើរឡើង។ លោកបន្ថែមថា «ពាណិជ្ជកម្មទ្វេភាគី របស់យើងបានកើនឡើងយ៉ាងលឿន គួរឲ្យកត់សម្គាល់ ពីប្រមាណ៣០០ លានដុល្លារអាមេរិកកាលពី២០ឆ្នាំមុន មកជាង៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ការវិនិយោគ របស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវ អត្ថប្រយោជន៍ យ៉ាងច្រើនពីកម្លាំង ពលកម្មនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ផងដែរ»។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រីថៃ ក៏បានបញ្ជាក់ថា ថៃ-កម្ពុជា ក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការត ភ្ជាប់រវាងប្រទេសទាំង ដែលស្តែងចេញ តាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្ត ស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្ម ផ្លូវដែក ដែលនឹងតភ្ជាប់ សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗព្រមទាំងនិងរួមចំណែក ដល់លំហូរពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ចំពោះវិស័យអប់រំ លោកនាយករដ្ឋមន្ដ្រីថៃលើកឡើងថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈ ដទៃទៀត ហើយបានផ្តល់ឱកាស ជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ជាងនេះទៅទៀត លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ថៃ-កម្ពុជា និងរយាងទៅលើ វឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាម ជាអ្នកជិតខាងល្អ និងជា ដៃគូ ក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនថៃ លោកជូនពរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកមានជំនឿ យ៉ាងមុតមាំថា មិត្តភាពរវាងថៃ និង កម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនថៃ និង កម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ នឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕ ដោយ ៖ អេង ប៊ូឆេង
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ករណីនៃវិរុសកូវីដ ពូជក្លាយ ដែលដំបូងឡើយត្រូវបាន រកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ពេលនេះកំពុងបានរីករាលដាល ទៅដល់ប្រទេសជាច្រើនទៀត ក្នុងតំបន់អ៊ឺរ៉ុបហើយ បូករួមទាំង កាណាដា និងជប៉ុន ផងដែរ។ ប្រភពដដែល បានសរសេរទៀត ថាការឆ្លងនៅក្នុង ប្រទេសអេស្បាញ ស៊្វីសន ស៊ុយអែត និងបារាំង ក៏ត្រូវបានគេដឹងទៀតថាជាមនុស្ស ដែលបានធ្វើដំណើរ មកពីអង់គ្លេសផង ប៉ុន្តែករណី ដ៏ចម្លែកមួយនៅក្នុង ប្រទេសកាណាដាទៅលើ បុរសប្តីប្រពន្ធ២នាក់គឺនៅមិនទាន់ អាចរកប្រភពឃើញ នៅឡើយ។ ជាការឆ្លើយតបចំពោះ ករណីកូវីដពូជថ្មីនេះ ផងដែរប្រទេសជប៉ុនឯណោះវិញក៏បាន ប្រកាសដាក់បម្រាម មិនឲ្យមានជនបរទេសស្ទើរតែ គ្រប់ប្រទេស ធ្វើដំណើរចូលប្រទេស របស់ខ្លួន ចាប់ពីថ្ងៃចន្ទនេះតទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសស្លូវ៉ាគី បានចាប់ផ្តើមចាក់ថ្នាំ បង្កាជម្ងឺកូវីដ១៩ឲ្យប្រជាជនខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលប្រទេសនេះ បានចូលរួមក្នុងដំណើរ ជំរុញរួមគ្នារបស់សហភាពអឺរ៉ុប ប្រឆាំងនឹងការរាតត្បាត ឆ្លងជម្ងឺពិភពលោក។ លោក Vladimir Krcmery ជាសមាជិកមួយរូប នៃគណៈកម្មាធិការជម្ងឺឆ្លង របស់រដ្ឋាភិបាល តាមសេចក្តីរាយការណ៍ គឺជាបុគ្គលដំបូងគេបង្អស់ ក្នុងប្រទេស ដែលបានទទួលចាក់ថ្នាំវ៉ាក់សាំងផលិត ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BionTech។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប្រទេសហុងគ្រី ក៏បានចាប់ផ្តើមចាប់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនខ្លួនដែរ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ មានរយៈពេលមួយថ្ងៃ មុនការចេញថ្នាំវ៉ាក់សាំង នៅក្នុងប្រទេស ដទៃមួយចំនួនទៀត ដែលរួមមានទាំងប្រទេសបារាំង អាល្លឺម៉ង់និង អេស្ប៉ាញ៕
ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ ក្នុងនោះ១នាក់ បានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍និង៣នាក់ជាអ្នកដំណើរ មកពីក្រៅប្រទេស។ ក្រសួងបានឲ្យដឹងថា អ្នកដែលជាសះស្បើយ ពាក់ព័ន្ធនឹព្រឹត្តិការណ៍សហគមន៍ ជាបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានទៅហាង Zendoសាខាបឹងកេងកង កាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយដោយ ទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមាន៖ ១.បុរសជនជាតិ ហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។ ២.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។ ៣.ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាកដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកវីដ-១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)។ សូមជម្រាបថាអ្នក ឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៤នាក់៕