Covid-19

ថៃ៖ អ្នកល្មើសនឹងស្ថានភាព ក្នុងគ្រាមានអាសន្ន មានជាង ៦០០នាក់ ដែលប្រឈមនឹងជាប់គុក ២ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត

បរទេស៖ មនុស្សជាង ៦០០ នាក់នៅទូទាំងប្រទេស ត្រូវបានចោទប្រកាន់ ពីបទប្រឆាំង នឹងក្រឹត្យស្ថានភាពក្នុងគ្រាអាសន្ន ដែលបានដាក់ចេញ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Prayuth Phetchakhun អ្នកនាំពាក្យរង នៃការិយាល័យអគ្គព្រះរាជអាជ្ញា បាននិយាយថា ព្រះរាជអាជ្ញាបានចោទប្រកាន់ មនុស្សសរុបចំនួន ៦២៣ នាក់ពីបទរំលោភលើក្រឹត្យនេះ។

នៅថ្ងៃទី ២៦ ខែមីនា រដ្ឋាភិបាលថៃ បានប្រកាសប្រើក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្នុងគោលបំណង កំណត់ចលនាប្រជាជន និង បង្ខំឲ្យពួកគេស្នាក់នៅក្នុងផ្ទះ ប្រយោជន៍ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ក្នុងចំណោមការណែនាំ នៅក្រោមក្រឹត្យនេះ គឺការហាមឃាត់ការជួបជុំ ដែលបណ្តាល ឱ្យមានការរំខានដល់សាធារណជន។

អ្នករំលោភត្រូវទទួលទោស ជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ និង ឬពិន័យជាប្រាក់រហូតដល់ ៤ ម៉ឺនបាត៕ ប្រែសម្រួលៈ ណៃ តុលា

To Top