សេអ៊ូល៖ មន្រ្តីក្រសួងការបរទេស បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ៣ បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីនាំចេញនូវឧបករណ៍ ធ្វើតេស្តរកមេរោគឆ្លងកូវីដ-១៩ ដោយការនាំចេញ ទំនងជានឹងធ្វើឡើង នៅសប្តាហ៍ក្រោយ។
ក្រុមហ៊ុនទាំងនោះ បានទទួលការយល់ព្រម ជាបណ្តោះអាសន្ន កាលពីខែមុន ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក សម្រាប់ការនាំចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹម ក្នុងការនាំចូលឧបករណ៍វេជ្ជសាស្ត្រ ផលិតនៅប្រទេសកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតី មូន ជេអ៊ីន។
មន្ត្រីរូបនោះ បានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌអនាមិកថា “ដំណើរការនៃក្រុមហ៊ុន ដែលធ្វើកិច្ចសន្យា ជាមួយរដ្ឋាភិបាល សហព័ន្ធសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ហើយ និងត្រៀមធ្វើការនាំចេញ” ៕ ដោយ ៖ ឈូក បូរ៉ា