Covid-19

លោក ត្រាំ ប្រកាសផ្អាក ធ្វើអន្ដោប្រវេសន៍ចូលអាមេរិក ៦០ថ្ងៃ ដើម្បីការពារកម្មកររបស់ខ្លួន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល ៦០ ថ្ងៃ នៃការធ្វើអន្តោប្រវេសន៍ ចូលទៅក្នុងសហរដ្ឋអាមេរិក ដែលលោកថា នឹងធ្វើឱ្យប្រាកដថា កម្មករអាមេរិក គឺជាមនុស្សដំបូងគេ ដែលទទួលបានការងារ នៅពេលសេដ្ឋកិច្ច បើកដំណើរការឡើងវិញ បន្ទាប់ពីការបិទ ដោយសារមេរោគកូវីដ-១៩។

លោក ត្រាំ បានលើកឡើងថា “វានឹងជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌សម្រាប់ជនជាតិអាមេរិក ដែលត្រូវបានបំផ្លាញដោយវីរុស ដើម្បីជំនួស ដោយពលករចំណាកស្រុកថ្មី ដែលហោះហើរមកពីបរទេស។ ដំបូងយើងត្រូវថែរក្សាកម្មករអាមេរិក” ដោយបន្ថែមថា រដ្ឋាភិបាលនឹងវាយតម្លៃ តម្រូវការសម្រាប់ការពន្យារពេល បន្ទាប់ពីរយៈពេល ៦០ ថ្ងៃ។

ការប្រកាសនេះបានកើតឡើង ខណៈដែលការខូចខាតខាងសេដ្ឋកិច្ច ពីវិធានការណ៍ទប់ស្កាត់ បាននិងកំពុងកើនឡើង នៅសហរដ្ឋអាមេរិក ដោយមានប្រជាជនអាមេរិក ចំនួន ២២ លាននាក់ បានដាក់ពាក្យសុំអត្ថប្រយោជន៍ ឥតការងារធ្វើក្នុងរយៈពេល ៤ សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១១ ខែមេសា៕ ដោយ៖ ឈូក បូរ៉ា

To Top