Covid-19

Top Story សម្ដេចតេជោ ៖ ក្រោយបញ្ចប់ ចាក់វ៉ាក់សាំង ១០លាននាក់ នឹងបន្ដគិតគូរ ចាក់ឲ្យក្មេងក្រោម អាយុ១៨ឆ្នាំ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ក្រោយបញ្ចប់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើងទៅហើយនោះ នឹងបន្ដគិតចាក់វ៉ាក់សាំង សម្រាប់ក្មេងមានអាយុក្រោម១៨ឆ្នាំ ដើម្បីបង្កើនភាពស៊ាំ ដល់ពលរដ្ឋនៅកម្ពុជា។

ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាតាមប្រព័ន្ធវីដេអូនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យុទ្ធសាស្ដ្រចាក់វ៉ាក់សាំងរបស់កម្ពុជា គឺយកចិនជាដៃគូសម្រាប់ផ្ដល់វ៉ាក់សាំង។ សម្ដេច ចោទសួរថា ប្រទេសមួយចំនួន មិនពឹងពាក់ចិន មកដល់ពេលនេះ បានវ៉ាក់សាំងហើយឬនៅ?។

សម្ដេចតេជោ មានប្រសាសន៍ថា «យុទ្ធសាស្ដ្រចាក់វ៉ាក់សាំងត្រូវតែរកវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ ១០លាននាក់ ជាជំហ៊ានដំបូង នឹងបន្ដគិតការចាក់សម្រាប់ក្មេង អាយុក្រោម១៨ឆ្នាំ។

សម្ដេចតេជោបន្ដថា មកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងជាង១១លានដូសរួចទៅហើយ ក្នុងនោះ ចាក់ជូនប្រជាពលរដ្ឋបានជាង៤លាននាក់ ស្មើនឹង៤២%នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។ សម្ដេចរៀបរាប់ថា គម្រោងវ៉ាក់សាំងដែលកម្ពុជាត្រូវទទួលទាំងជំនួយជាង២៩លានដូស ប៉ុន្ដែសម្ដេច ស្នើឲ្យដកចេញមួយចំនួនវិញ។ សម្ដេចថា ជាក់ស្ដែង កម្ពុជាទទួលវ៉ាក់សាំងពីចិន ជាង២០លានដូស ចុងខែសីហា ឆ្នាំ២០២១។

សម្ដេចតេជោបន្ថែមថា វ៉ាក់សាំងជាង២០លានដូស នឹងមកអស់នាចុងខែសីហា ដូច្នេះក្រសួងសុខាភិបាលជំរុញចាក់វ៉ាក់សាំងឲ្យចប់សព្វគ្រប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងចំណោមប្រជាពលរដ្ឋ១០លាននាក់ ។

សម្ដេចតេជោបញ្ជាក់ទៀតថា «បន្ទាប់ទៅគិតគូរក្មេងអាយុ១៥ ដល់១៨សិន តើត្រូវការវ៉ាក់សាំងប៉ុន្មាន ហើយគិតពីអាយុ១៣ ទៅ១៧ ឆ្នាំ តើត្រូវវ៉ាក់សាំងប៉ុន្មាន ហើយត្រូវដល់អាយុ១៨ ប៉ុន្មាន។ ចឹងទេ វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ សពុលភាពរបស់វា រយៈពេល២ឆ្នាំ តែអាស្តា្រហ្សេនីកា បាន៦ខែទេ»។

សម្ដេចតេជោ បន្ថែមថា បើមិនឲ្យសម្ដេច ពឹងចិន ឲ្យសម្ដេច ទៅពឹងអ្នកណា។ សម្ដេចថា អ្នកនេះ សន្យា អ្នកនោះសន្យា ផ្ដល់វ៉ាក់សាំងឲ្យកម្ពុជា ដល់ទីបំផុត មិនមកឡើយ មានតែរបស់ចិនដែលមកដល់កម្ពុជា។ មានប្រទេសខ្លះ ឲ្យកម្ពុជា កក់លុយ តែមិនបញ្ជាក់វ៉ាក់សាំងមកដល់ពេលណា។

ជាងនេះទៅទៀត សម្ដេចតេជោ នឹងមានគោលការណ៍មួយចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំង ហើយករណីចង់ចាក់វ៉ាក់សាំងវិញ ត្រូវធ្វើលិខិតបញ្ជាក់មូលហេតុ តើមូលហេតុអ្វីមិនព្រមចាក់វ៉ាក់សាំងកាលពេលមុន តែបើជឿតាមការញុះញង់របស់ពួកក្រុមប្រឆាំងនៅក្រៅប្រទេស ត្រូវរងចាំឆ្នាំ២០២៣ ខាងមុខ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top