Covid-19

ក្រសួងសុខាភិបាល ប្រាប់ក្រុមអគតិថា បើមិនបានជួយអ្វី កុំយកជើងរាទឹក (Video)

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅកាន់ក្រុមអគតិថា បើខ្លួនមិនបានជួយអ្វីទេ កុំយកជើងរាទឹក ពិសេសនោះ កុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

លោកស្រី បន្ដថា ក្រុមពួកអគតិទាំងនោះ លើកឡើងនាពេលកន្លងមក ទៅភាគច្រើនពាក់វែនតាខ្មៅ មើលមិនឃើញ អ្វីទាល់តែសោះ ចំពោះការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសយកអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០លានរៀល និងសម្ភារ ជូនដល់អ្នក ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦លាន អ្នកស្រី ផេង សឿន អាយុ៦៧ឆ្នាំ រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំពន្យល់ជូនដល់បងប្អូនសាធារណៈជនយើងឱ្យបាន ច្បាស់អំពីការប្រើប្រាស់ឱសថបុរាណចិន កុំឱ្យអ្នកដែលថា ពាក់វែនតាខ្មៅ គាត់មើលមិនឃើញអ្វីទាំងអស់ ចេះលឺចេះតែ ថា អាហ្នឹងវាបញ្ហាមួយ ដែលយើងមិនចូលរួមចំណែកអីទេ សូមមេត្តាកុំយកជើងរាទឹក សូមមេត្តាកុំកូរកកាយ ហើយកុំលើកបញ្ហាដែលខ្លួនឯង ខ្វះការស្រាវជ្រាវខ្លួនឯង»។

លោកស្រី បន្ដថា ឱសថបុរាណចិន មានការប្រើប្រាស់តាំងពីឆ្នាំ២០០៣ ហើយបានព្យាបាលជំងឺសាល និងជំងឺផ្ដាសាយប ក្សី មិនមែនព្យាបាលអ្នកជំងឺធ្ងន់ធ្ងរឡើយ គឺព្យាបាលចំពោះស្ថានភាពជំងឺមានមេរោគក្នុងខ្លួន ដែលមានរោគសញ្ញាបន្ដិចប ន្ដួច។ លោកស្រី ថា នាពេលបច្ចុប្បន្ននៅកម្ពុជា មានប្រើប្រាស់ឱសថបុរាណជាច្រើនប្រភេទ ទទួលស្គាល់ដោយក្រសួង សុខាភិបាល។

លោកស្រី បញ្ជាក់ទៀតថា «ឱសថបុរាណចិននេះ ខ្ញុំសូមបញ្ជាក់ហើយ បញ្ជាក់ទៀត វាមិនមែនជាឱសថ ដែលគេដាក់ ទៅថា សម្រាប់ទៅសម្លាប់វិរុសកូវីដ-១៩ទេ ។មិនមែនជាឱសថសម្រាប់យកទៅព្យាបាលឱ្យជាកូវីដ-១៩ ក៏ប៉ុន្ដែវាជាប្រភេ ទ ឱសថបុរាណចិន ដែលវាជួយទៅដល់ការសម្រាលរោគសញ្ញា ព្រោះថា កាលណាយើងឈឺវាចេញរោគសញ្ញា ដូចជា ៖ ក្ដៅខ្លួន ក្អក ផ្ដាសាយ ឈឺបំករ តឹងច្រមុះជាដើម នេះសញ្ញាដែលឱសថបុរាណចិន ឈ្មោះ Lianhua Qingwen ដែលអាចជួយទៅដល់ការសម្រាលនៅរោគសញ្ញាទាំងនេះ ដើម្បីទប់មិនឱ្យមានវិវត្តន៍ទៅរកសាភាពមួយធ្ងន់ធ្ងរ»។

លោកស្រី ក៏បានឱ្យដឹងបន្ថែមថា ឱសថបុរាណចិន ឈ្មោះ Lianhua Qingwen ប្រើប្រាស់ដំបូងនៅប្រទេសចិន សម្រាប់ព្យាបាលជំងឺកូវីដ-១៩ មានការធូរស្បើយមួយចំនួនធំ ហើយការប្រើប្រាស់ឱសថបុរាណនេះ មិនមែនប្រើប្រាស់នៅប្រទេសចិនតែមួយទេ គឺប្រើប្រាស់តាមបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។

ឆ្លៀតឱកាសនោះ លោកស្រី រដ្ឋលេខាធិការ ក៏បានលើកឡើងថា ឱសថបុរាណចិន ឈ្មោះ Lianhua Qingwen គឺប្រើប្រាស់ក្នុងករណីស្រាលៗ បើករីណធ្ងន់ធ្ងរ ប្រជាពលរដ្ឋត្រូវប្រញាប់ប្រញាល់ពិនិត្យជំងឺជាមួយ ក្រុមគ្រូពេទ្យ។ លោកស្រី ផ្ញើអ្នកប្រើប្រាស់ឱសថបុរាណចិន ឈ្មោះ Lianhua Qingwen ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top