Covid-19

លោក ហ៊ុន ម៉ានី ៖ ស.ស.យ.ក នៅតែចូលរួម ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video)

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានគូសបញ្ជាក់ថា ស.ស.យ.ក នៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ទោះបីជំងឺនេះ មិនទាន់អន់ថយក៏ដោយ ។

ថ្លែងក្នុងស្មារតីជំនួយស្មារតី នាថ្ងៃ៣ សីហា ស្តីពីការបន្តចូលរួមក្នុងសកម្មភាពសង្គមរបស់ក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេស ក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លោក ហ៊ុន ម៉ានីលើកឡើងថា សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដារាជធានី-ខេត្តបានបន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះការលំបាក ក្នុងមូលដ្ឋានផ្សេងៗដោយផ្ទាល់ ។

លោកថា យុវជនស្ម័គ្រចិត្តទាំងអស់បានបំពេញបេសកកម្មយ៉ាងមមាញឹក នៅតាមមូលដ្ឋានគ្រប់ច្រកល្ហក ក្នុងការងារផ្សព្វផ្សាយ ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាបការយល់ដឹងដល់ស្រទាប់មហាជនអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ តាមមធ្យោបាយផ្សេងៗ ដូចជាការចែកខិតបណ្ណ ចងបដា ការចាក់បញ្ចាំងវីដេអូខ្លី និងសារអប់រំជាសំឡេងជាដើម។

លោកបន្តថា សមាជិក សមាជិកាទាំងអស់ បានចុះធ្វើសកម្មភាពរហូតដល់ភូមិសាស្រ្ត តំបន់ដាច់ស្រយ៉ាលនានា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា “ចំពោះមុខ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សមាជិក សមាជិកា ជាគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល តាមគ្រប់លទ្ធភាពរបស់ខ្លួន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង២ស្ថាប័នរបស់យើង គឺសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី កំពុងតែបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅមួយចំនួន តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩” ៕

To Top